រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Denys Shmyhal បានប្រាប់សម្ព័ន្ធមិត្តអឺរ៉ុបក្នុងអំឡុងពេលកិច្ចប្រជុំ Ramstein តាមអនឡាញជាមួយក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) កាលពីថ្ងៃចន្ទ (២១ កក្កដា) ថា ទីក្រុងគីវត្រូវការថវិកាចំនួន ៦ពាន់លានដុល្លារ ដើម្បីបិទចន្លោះប្រហោងក្នុងការផលិតសព្វាអាវុធរបស់ខ្លួននៅឆ្នាំ២០២៥នេះ។

អ៊ុយក្រែន បានប្តេជ្ញាបង្កើនសមត្ថភាពដ្រូនក្នុងស្រុកឥតឈប់ឈរ ជាមួយនឹងផែនការថ្មីៗផ្តោតលើការអភិវឌ្ឍយានដ្រូនស្ទាក់ចាប់ ដែលត្រូវរចនាឡើងដើម្បីទប់ទល់នឹងការវាយប្រហារដ្រូនប្រភេទ Shahed ជាញឹកញាប់របស់រុស្ស៊ី លើទីក្រុងនានារបស់អ៊ុយក្រែន។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក Shmyhal បាននិយាយថា៖ ថវិកានេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតយានដ្រូនប្រភេទ FPV និងដ្រូនស្ទាក់ចាប់បន្ថែមទៀត ដើម្បីទប់ទល់ការវាយប្រហារពីដ្រូន Shahed និងអាវុធរយៈចម្ងាយឆ្ងាយផ្សេងៗក្នុងសង្រ្គាមជាមួយរុស្ស៊ី”។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំដដែលនេះ លោក Shmyhal ដែលទើបត្រូវតែងតាំងជាប្រមុខការពារជាតិអ៊ុយក្រែនថ្មី ក៏បានជំរុញឱ្យដៃគូរអឺរ៉ុបផ្តល់មូលនិធិដល់ទីក្រុងគីវ នៅក្នុងថវិកាឆ្នាំ២០២៦ របស់ពួកគេ។ នៅថ្ងៃទី២៤ ខែមិថុនា លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូថា អ៊ុយក្រែនមានសមត្ថភាពផលិតយានដ្រូនជាង ៨លានគ្រឿងក្នុងមួយឆ្នាំៗ ប៉ុន្តែខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីឈានដល់សក្តានុពលបែបនោះ៕