នៅថ្ងៃអង្គារ (ទី២២ ខែកក្កដា) នេះ ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងរដូវមូសុង បានហូរនាំរថយន្តចេញពីផ្លូវហាយវេលើភ្នំមួយ នៅភាគខាងជើងប្រទេសប៉ាគីស្ថាន ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បាត់បង់ជីវិត ហើយរថយន្តជាច្រើនគ្រឿងទៀត បានកប់នៅក្រោមកម្ទេចកម្ទី។
ទឹកជំនន់យ៉ាងគំហុកភ្លាមៗ អគារបាក់រលំ និងការដាច់ចរន្តអគ្គិសនី បានឆក់យកជីវិតមនុស្សចំនួន ២២១នាក់ ចាប់តាំងពីរដូវមូសុង បានមកដល់ចុងខែមិថុនា ដោយមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតា។
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា រថយន្តប្រមាណជា ៨-៩គ្រឿង ត្រូវបានហូរទៅតាមទឹក កាលពីថ្ងៃចន្ទ (ទី២១ ខែកក្កដា) នៅពេលដែលភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានបំណាក់ដី នៅលើផ្លូវហាយវេ ក្នុងតំបន់ Diamer នៃដែនដី Gilgit-Baltistan។

មន្ត្រីនគរបាលតំបន់ លោក Abdul Hameed បាននិយាយថា៖ «សាកសព ៣នាក់ ត្រូវបានប្រទះឃើញ ហើយមនុស្សយ៉ាងតិច ១៥នាក់ នៅតែបាត់ខ្លួន»។ លោកបានបន្ថែមថា យ៉ាងហោចណាស់មានរថយន្តចំនួន ១០គ្រឿង ត្រូវបានកប់នៅក្រោមកម្ទេចកម្ទីបំណាក់ដី ហើយប្រតិបត្តិការជួយសង្គ្រោះ កំពុងដំណើរការ។
លោក Faizullah Faraq អ្នកនាំពាក្យរដ្ឋបាលដែនដី Gilgit-Baltistan បានបញ្ជាក់ពីចំនួនអ្នកស្លាប់ទៅកាន់សារព័ត៌មាន AFP។ តំបន់នេះគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលត្រូវបានសម្គាល់ដោយភ្នំខ្ពស់ៗ ជ្រលងជ្រៅ និងផ្ទៃទន្លេដ៏ធំ ហើយលោក Faraq បាននិយាយថា ភ្ញៀវទេសចររាប់រយនាក់ត្រូវបានជួយសង្គ្រោះ៕
