ភ្នំពេញ៖ មណ្ឌលសុខភាពទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងប្រជាពលរដ្ឋសេសសសល់មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ និងបង្កើនការការពារជំងឺកូវីដ-១៩។
បើតាមលោក ប៉ាវ សំអាត អ្នកសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌទួលគោក ប្រាប់BTVព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះថា មណ្ឌលសុខភាពទួលគោក បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដាក់ជូនមកក្រសួងសុខាភិបាល ដើម្បីអនុញ្ញាតឲ្យក្រុមការងារគ្រូពេទ្យក្នុងមណ្ឌលសុខភាពទួលគោក បន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារយុវវ័យ និងប្រជាពលរដ្ឋសេសសល់មិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ និងបើកប្រទេសឡើងវិញជារៀងរហូត។
ទន្ទឹមគ្នានោះដែរ កុមារ យុវវ័យ និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣នេះ វាសំខាន់ខ្លាំងណាស់ ក្នុងការបន្តការពារ សុវតិ្ថភាពខ្ពស់បន្ថែមទៀតពីមេរោគកូវីដ-១៩ និងបំប្លែងថ្មី។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានសង្កាត់ទាំង១០ នៃខណ្ឌទួលគោក មានចំនួនសរុប៩,៧៨៤នាក់ ស្រី៥,២៩៨នាក់ ដែលត្រូវមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមកាលបរិច្ឆេទចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខភាពទួលគោក៕អត្ថបទ រដ្ឋា





