កាសែត Mainichi បានរាយការណ៍នៅថ្ងៃពុធ (២៣ កក្កដា) នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba គ្រោងនឹងប្រកាសលាលែងពីតំណែងនៅចុងខែក្រោយនេះ។

លោក Ishiba កំពុងប្រឈមមុខនឹងការប្រឆាំងកាន់តែខ្លាំងឡើងពីក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោកផ្ទាល់ ដោយសារតែនាយករដ្ឋមន្ត្រីជប៉ុនរូបនេះប្តេជ្ញាចិត្តថានឹងបន្តកាន់តំណែង បើទោះបីជាក្រុមចម្រុះកំពុងកាន់អំណាចបានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនក៏ដោយ។
យោងតាមសារព័ត៌មាន Yomiuri daily បានឱ្យដឹងថា លោក Ishiba បានប្រាប់សហការីជិតស្និទ្ធរបស់លោកនៅល្ងាចថ្ងៃអង្គារថា លោកនឹងបកស្រាយថានឹងទទួលខុសត្រូវបែបណាចំពោះការចាញ់ឆ្នោតនោះ នៅពេលដំណោះស្រាយត្រូវបានឈានដល់ក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ក្រោយមក ថ្ងៃពុធម៉ោងអាស៊ី ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកទើបតែបានបញ្ចប់កិច្ចព្រមព្រៀង "ដ៏ធំ" ជាមួយជប៉ុន ដែលរួមបញ្ចូលការវិនិយោគចំនួន ៥៥០ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក។ ថ្លែងបន្ទាប់ពីសារបង្ហោះរបស់លោក Trump នេះ លោក Ishiba លើកឡើងថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួប ឬពិភាក្សាតាមទូរសព្ទជាមួយលោក Trump បន្ទាប់ពីទទួលបានដំណឹងកិច្ចពិភាក្សាពាណិជ្ជកម្ម។
នៅពេលត្រូវសាកសួរថាតើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោននេះអាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់លោករឿងចុះចេញពីតំណែងឬទេ លោក Ishiba បានប្រាប់អ្នកយកព័ត៌មានថា "មិនទាន់អាចនិយាយអ្វីបានទេរហូតដល់លោកពិនិត្យមើលលទ្ធផលនៃកិច្ចព្រមព្រៀងនេះ"៕

