ទីភ្នាក់ងារឧតុនិយមរបស់ប៉ាគីស្ថាន កាលពីថ្ងៃអង្គារ (២២ កក្កដា) បានព្រមានពីទឹកជំនន់យ៉ាងគំហុកដោយសារផ្ទាំងទឹកកករលាយ និងបំណាក់ដីនៅក្នុងតំបន់ភ្នំភាគខាងជើង ស្របពេលមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ខណៈចំនួនអ្នកស្លាប់ទូទាំងប្រទេសដោយសារឧបទ្ទវហេតុទាក់ទងនឹងភ្លៀងមូសុងបានកើនឡើងដល់ ២៤២នាក់ រួមទាំងកុមារយ៉ាងតិច ១១៦នាក់ ក្នុងចំណោមនោះ។

ការព្រមាននេះធ្វើឡើងស្របពេលមានភ្លៀងធ្លាក់រដូវមូសុងយ៉ាងខ្លាំងក្លា ដែលបានវាយលុកប្រទេសនេះចាប់តាំងពីចុងខែមិថុនាមក បង្កឱ្យមានការជន់លិចក្នុងទីក្រុង ការដួលរលំផ្ទះសម្បែង និងទឹកជំនន់យ៉ាងគំហុក ហើយការព្យាករអាកាសធាតុបានបង្ហាញថា ភ្លៀងដ៏កំណាចបែបនេះនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី២៥ ខែកក្កដា។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន (NDMA) បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២១នាក់ រួមទាំងកុមារ ១២នាក់បានស្លាប់ក្នុងពេល ២៤ម៉ោងចុងក្រោយនោះ ដោយមានអ្នកស្លាប់ជាច្រើនត្រូវបានរាយការណ៍ថាមកពីការលង់ទឹក។

ខេត្តប៉ាគីស្ថានដែលរងគ្រោះខ្លាំងជាងគេគឺ Punjab ដែលជាតំបន់មានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ ដោយយ៉ាងហោចណាស់មនុស្ស ១៣៥នាក់បានស្លាប់។ បន្ទាប់មកគឺខេត្ត Khyber Pakhtunkhwa ដោយរាយការណ៍ថាអ្នកស្លាប់ជិត ៦០នាក់ និងទីតាំងជាច្រើនទៀតទូទាំងប្រទេស។ រដូវមូសុងជាធម្មតានាំមកនូវ ៧០ ទៅ ៨០% នៃទឹកភ្លៀងប្រចាំឆ្នាំរបស់អាស៊ីខាងត្បូង ដោយភ្លៀងមូសុងទៅដល់ឥណ្ឌា ក្នុងខែមិថុនា ហើយទៅដល់ប៉ាគីស្ថាន រាងយឺតបន្តិចគឺនៅចុងខែមិថុនាដូចគ្នានេះ៕