ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលទិញបន្លែចំនួន ៨តោន ពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ដើម្បីយកទៅផ្គត់ផ្គង់កងកម្លាំងប្រចាំជួរមុខនៅតំបន់ព្រំដែនស្ថិតនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
បើតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានឱ្យដឹងថា នេះគឺជាជើងទីមួយ ដែលក្រសួងប្រមូលទិញ ក្នុងគោលបំណង ក្រោមស្មារតី «ខ្មែរជួយខ្មែរ»។ ការផ្គត់ផ្គង់នេះ នឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់កងកម្លាំងជួរមុខ ដែលបានពលីជាច្រើនក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ បន្ថែមពីលើនេះ ការប្រមូលទិញ ក៏បានផ្ដល់ចំណូលបន្ថែមដល់ប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងក្នុងខ្លឹមនេះទៀតថា នឹងបន្តប្រមូលទិញ និងដឹកជញ្ជូនផ្គត់ផ្គង់បន្លែចំនួន ៧តោនបន្ថែមទៀត នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ៕





