សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានដាក់ទណ្ឌកម្មទៅលើអ្វីដែលខ្លួនបាននិយាយថា ជាការរត់ពន្ធប្រេងដែលពាក់ព័ន្ធនឹងក្រុមហ៊ួទី និងបណ្តាញគេចវេសពីទណ្ឌកម្ម នៅទូទាំងប្រទេសយេម៉ែន ក្នុងចំណាត់ការថ្មី ដែលកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា បុគ្គលពីររូប និងអង្គភាពចំនួន៥ ដែលត្រូវបានដាក់ទណ្ឌកម្ម គឺស្ថិតក្នុងចំណោមអ្នកនាំចូលផលិតផលប្រេងដ៏សំខាន់បំផុត និងអ្នកលាងលុយដែលផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ួទី។
អនុរដ្ឋមន្ត្រីក្រសួងរតនាគារលោក Michael Faulkender បាននិយាយថា៖«ក្រុមហ៊ួទីសហការជាមួយពាណិជ្ជករឱកាសនិយម ដើម្បីប្រមូលផលចំណេញយ៉ាងច្រើន ពីការនាំចូលផលិតផលប្រេង និងដើម្បីអនុញ្ញាតឲ្យក្រុមនេះ ចូលទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ»។

«បណ្តាញនៃអាជីវកម្មដែលមិនស្មោះត្រង់ទាំងនេះ គាំទ្រអង្គការភេរវកម្មរបស់ក្រុមហ៊ួទី ហើយក្រសួងរតនាគារ នឹងប្រើប្រាស់មធ្យោបាយទាំងអស់ដែលខ្លួនមាន ដើម្បីបង្អាក់គម្រោងការណ៍ទាំងនេះ»។
ក្នុងចំណោមអ្នកដែលត្រូវកំណត់គោលដៅទាំងនោះ គឺលោក Muhammad Al-Sunaydar ដែលក្រសួងរតនាគារ បាននិយាយថា គ្រប់គ្រងបណ្តាញក្រុមហ៊ុនប្រេង និងជាអ្នកនាំចូលប្រេងដ៏លេចធ្លោបំផុតមួយនៅក្នុងប្រទេសយេម៉ែន។
ក្រុមហ៊ុនចំនួនបីនៅក្នុងបណ្តាញរបស់លោក ក៏ត្រូវបានចាត់តាំងផងដែរ ដោយក្រសួងនេះ និយាយថា ពួកគេបានសម្របសម្រួលការដឹកជញ្ជូនផលិតផលប្រេងមានតម្លៃ ១២ លានដុល្លារ ជាមួយក្រុមហ៊ុនដែលរងការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ទៅកាន់ក្រុមហ៊ួទី។