ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានដាក់បន្ថែមយ៉ាងទូលំទូលាយនូវបញ្ជីបម្រាមចូលរបស់អ្នកតំណាងស្ថាប័នសហភាពអឺរ៉ុប និងរដ្ឋសមាជិក ព្រមទាំងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មទី១៧ និងទី១៨ របស់អឺរុបប្រឆាំងនឹងរុស្ស៊ីថា បញ្ជីរាយឈ្មោះរួមមានសមាជិកនៃទីភ្នាក់ងារអនុវត្តច្បាប់ រដ្ឋាភិបាល និងអង្គការពាណិជ្ជកម្ម និងពលរដ្ឋនៃប្រទេសសមាជិកសហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដែលទទួលខុសត្រូវចំពោះ «ការផ្តល់ជំនួយផ្គត់ផ្គង់ដល់យោធាទីក្រុងគីវ សម្របសម្រួលការដឹកជញ្ជូនផលិតផលមានគោលបំណងទៅអ៊ុយក្រែន ចូលរួមក្នុងសកម្មភាពក្នុងបំណងធ្វើឲ្យអន្តរាយដល់បូរណភាពទឹកដីរបស់រុស្ស៊ី ឬរៀបចំការបិទផ្លូវប្រឆាំងនាវានិងទំនិញរុស្ស៊ី នៅសមុទ្របាល់ទិក» ។

វាក៏រួមបញ្ចូលទាំងអ្នកតំណាងស្ថាប័នអឺរ៉ុប អាជ្ញាធរជាតិនៃបណ្តាប្រទេសអឺរ៉ុប និងរដ្ឋអឺរ៉ុបផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការកាត់ទោសជំរុញដោយហេតុផលនយោបាយនៃមន្រ្តីរុស្ស៊ី សម្រាប់ការចោទប្រកាន់ថា «ឃុំខ្លួននិងនិរទេសមនុស្សដោយខុសច្បាប់ពីទឹកដីអ៊ុយក្រែន» ដែលអ្នកទាំងនោះកំពុងគាំទ្រការបង្កើតអ្វីដែលគេហៅថា «តុលាការ» ប្រឆាំងមេដឹកនាំរុស្ស៊ី និងអ្នកតស៊ូមតិក្នុងការរឹបអូសទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី ឬការបង្វែរទិសដៅនៃប្រាក់ចំណូលដើម្បីផ្តល់ប្រយោជន៍ដល់ទីក្រុងគីវ។