កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក កាលពីថ្ងៃអង្គារ (ទី២២ ខែកក្កដា) ដោយភាគច្រើនបានគាំទ្រសំណើដ៏ចម្រូងចម្រាសថ្មីៗចំនួន២ របស់គណៈកម្មការអឺរ៉ុបដែលត្រូវបានរៀបចំឡើង ដើម្បីទប់ស្កាត់ការឆ្លងព្រំដែនរបស់ជនអន្តោរប្រវេសន៍ខុសច្បាប់ចូលទៅក្នុងប្លុកនេះ។
សំណើទាំងនេះ ដែលត្រូវបានឲ្យឈ្មោះថា «ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត» របស់គណៈកម្មការ មានពាក់ព័ន្ធនឹងការស្វែងការផ្ទេរទៅប្រទេសទី៣ នូវអ្នកសុំសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍ ដែលការស្នើសុំរបស់ពួកគេត្រូវបានច្រានចោល។

លោក Kaare Dybvad Bek រដ្ឋមន្ត្រីទទួលបន្ទុកអន្តោប្រវេសន៍ និងសមាហរណកម្មរបស់ដាណឺម៉ាក ដែលបច្ចុប្បន្នជាប្រមុខ EU បានប្រាប់ឲ្យដឹងថា៖ «យើងត្រូវបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងកិច្ចព្រមព្រៀងថ្មីជាមួយបណ្តាប្រទេសក្រៅសហភាពអឺរ៉ុប។ ខ្ញុំបានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយសហសេវិក ប្រទេសជាច្រើនហាក់ដូចជាបង្ហាញការយល់ស្រប ហើយខ្ញុំសង្ឃឹមថា យើងអាចសម្រេចបាននូវវឌ្ឍនភាពមួយចំនួន ក្នុងរយៈពេល ៦ខែខាងមុខនេះ»។
តាមរយៈការកែប្រែលក្ខន្តិករបស់ EU ពាក់ព័ន្ធនឹង «បណ្ដាប្រទេសទី ៣ ដែលមានសុវត្ថិភាព» រដ្ឋជាសមាជិកនឹងត្រូវបានអនុញ្ញាតឲ្យច្រានចោលពាក្យសុំសិទ្ធិជ្រកកោន ដោយមិនចាំបាច់មានការពិចារណា និងផ្ទេរអ្នកដាក់ពាក្យសុំទៅក្រៅប្រទេស ទោះបីជាជនអន្តោប្រវេសន៍ មិនមានទំនាក់ទំនងជាមួយទីកន្លែងដែលត្រូវបានបញ្ជូនទៅក៏ដោយ។
គួរបញ្ជាក់ថា «ប្រទេសទី ៣ ដែលមានសុវត្ថិភាព» គឺជាបណ្ដាប្រទេសមិនមែនជាសមាជិក EU ដែលបុគ្គលស្វែងរកការការពារអន្តរជាតិ ត្រូវបានថែទាំតាម «ស្តង់ដារអន្តរជាតិ» ហើយទទួលបានការការពារនានា ដែលរួមមានការការពារអ្នកស្វែងរកសិទ្ធិជ្រកកោន មិនឲ្យមានការបៀតបៀន និងការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគោរពគោលការណ៍មិនបញ្ជូនត្រលប់ ហើយនិងមានលទ្ធភាពទទួលបានប្រព័ន្ធសិទ្ធិជ្រកកោន៕

