មេដឹកនាំពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យនៃគណៈកម្មាធិការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកការប្រកួតប្រជែងជាយុទ្ធសាស្រ្តប្រឆាំងនឹងប្រទេសចិន បានសរសេរលិខិតទៅកាន់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ដើម្បីបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់ពួកគេ ចំពោះកម្មវិធីរបស់សម្ព័ន្ធ AUKUS ជាគម្រោងនាវាមុជទឹកដែលបច្ចុប្បន្នកំពុងត្រូវបានពិនិត្យដោយមន្ទីរបញ្ជកោណ។
អតីតប្រធានាធិបតី លោក Joe Biden បានបង្ហាញព័ត៌មានលម្អិតនៃកម្មវិធីរបស់សម្ព័ន្ធ AUKUS ដើម្បីផ្តល់ឲ្យប្រទេសអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរ នៅដើមទសវត្សរ៍ឆ្នាំ២០៣០ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងប្រឆាំងនឹងឥទ្ធិពលរបស់ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក។

មន្ទីរបញ្ចកោណបានប្រកាសកាលពីខែមិថុនាថា ខ្លួនកំពុងពិនិត្យមើលកិច្ចសហប្រតិបត្តិការ ៣ភាគី រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីឲ្យវាស្របទៅនឹង «របៀបវារៈអាមេរិកទី១» របស់ប្រធានាធិបតី Donald Trump។ ការពិនិត្យនេះ គឺដោយសារតែក្ដីបារម្ភ អំពីសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការបំពេញតម្រូវការនាវាមុជទឹករបស់ខ្លួន និងជុំវិញថា តើនាវារបស់អូស្ត្រាលី នឹងត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រគោលនយោបាយរបស់សហរដ្ឋអាមេរិកនាពេលអនាគតដែរ ឬអត់។
នៅក្នុងលិខិតដែលបានផ្ញើទៅលោក Hegseth កាលពីថ្ងៃអង្គារ (ទី២២ ខែកក្កដា) នោះ សមាជិកបក្សសាធារណរដ្ឋ លោក John Moolenaar និងលោក Raja Krishnamoorthi របស់បក្សប្រជាធិបតេយ្យ បានលើកឡើងថា ការបង្កើនសមត្ថភាពយោធារបស់ចិន និងវិធានការផ្សេងៗរបស់ប្រទេសនេះ លើប្រទេសជិតខាង បានបង្ហាញថា វាគឺជា «ការរៀបចំដ៏គួរឲ្យជឿជាក់» ក្នុងការប្រើប្រាស់អំណាចយោធា ដើម្បីផ្លាស់ប្តូរតុល្យភាពឥទ្ធិពល នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លិខិតនោះបានរៀបរាប់ថា៖ «កម្មវិធីរបស់សម្ព័ន្ធ AUKUS បានទទួលការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៃបក្សទាំង២ នៅក្នុងសភា សម្រាប់ហេតុផលល្អ។ យើងរួមជាមួយនឹងសហការីរបស់យើងយល់ថា កិច្ចព្រមព្រៀងនេះ សន្យាឲ្យមានការពង្រឹងសន្តិសុខជាតិរបស់យើង និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើងទាំង២»៕
