ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែកក្កដា ដោយសង្ឃឹមថា នឹងប្រែក្លាយទំនាក់ទំនងការទូតដ៏កក់ក្តៅជាមួយសហរដ្ឋអាមេរិកទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង។
ប៉ុន្តែជំនួសឲ្យការទម្លាយភាពទាល់ច្រក លោក Marcos កំពុងត្រលប់ទៅទីក្រុងម៉ានីលវិញជាមួយនឹងការទទួលបានសម្បទានតិចតួច ដោយត្រូវបានបញ្ចុះអត្រាពន្ធ ១ភាគរយលើការនាំចេញហ្វីលីពីនទៅសហរដ្ឋអាមេរិក ពោលគឺធ្លាក់ពីកម្រិត ២០ភាគរយ មក ១៩ភាគរយ។ ជាថ្នូរវិញ ហ្វីលីពីនបានយល់ព្រមដកពន្ធលើទំនិញសំខាន់ៗរបស់អាមេរិក ក្នុងនោះរួមទាំងរថយន្តផងដែរ។ នេះមិនមែនជាលទ្ធផលដែលទីក្រុងម៉ានីលសង្ឃឹមថា ទទួលបាននោះឡើយ។
អត្រាថ្មីនៅតែខ្ពស់ជាង ១៧ភាគរយដែលបានប្រកាសកាលពីខែមេសាដោយប្រធានាធិបតីអាមេរិក Donald Trump ហើយអ្នកវិភាគលើកឡើងថា លទ្ធផលនេះធ្វើឲ្យមានការចាប់អារម្មណ៍ ចំពោះលទ្ធភាពចរចាមិនសូវខ្លាំងរបស់ហ្វីលីពីន នៅពេលទាក់ទងជាមួយដៃគូអាមេរិកដែលមិនអាចទាយទុកជាមុនបាន ប៉ុន្តែផ្ដោតលើផលប្រយោជន៍ ដោយមិនគិតពីការមានសម្ព័ន្ធភាពយូរអង្វែងមកហើយនោះឡើយ។
តែទោះជាយ៉ាងណាក្ដី ហ្វីលីពីនក៏អាចបញ្ជាក់ឡើងវិញនូវទំនាក់ទំនងការពារជាតិដ៏យូរអង្វែងរបស់ខ្លួនជាមួយអាមេរិក ដែលជាគោលដៅសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់លោក Marcos។
ក្នុងន័យនេះ អ្នកវិភាគ ២រូប បានលើកឡើងថា លោក Marcos សម្រេចបាននូវអ្វីដែលលោកត្រូវការ នោះគឺ ការបញ្ជាក់ជាថ្មី អំពីកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក ពោលគឺគ្មានការស្តីបន្ទោសជាសាធារណៈពីលោក Trump និងការមានវឌ្ឍនភាពគ្រប់គ្រាន់ ដើម្បីបង្ហាញពីសញ្ញាបន្តនៅក្នុងសម្ព័ន្ធភាព បើទោះបីជាវាមិនទទួលបានជោគជ័យផ្នែកសេដ្ឋកិច្ចច្បាស់លាស់ក៏ដោយ៕