កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូយានដ្រូនបង្ហាញការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា កំពុងរង់ចាំចែកចាយទៅកាន់ដែនដីប៉ាឡេស្ទីនមួយនេះ ។
COGAT ដែលជាទីភ្នាក់ងារសម្របសម្រួលជំនួយយោធាអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍អមដោយវីដេអូថា រថយន្តប្រហែល ៩៥០គ្រឿងផ្ទុកដោយជំនួយមនុស្សធម៌ កំពុងរង់ចាំការមកទទួលដោយអង្គការអន្តរជាតិ នៅច្រកឆ្លងកាត់ព្រំដែន Kerem Shalom និង Zikim ផ្នែកខាងតំបន់ហ្កាហ្សា ។
រូបភាពវីដេអូឃ្លីបនេះ បង្ហាញពីគំនរជំនួយនៅលើដីរាបស្មើ ហើយនិងរថយន្តជាខ្សែផ្ទុកគ្រឿងផ្គត់ផ្គង់នៅជិតច្រកឆ្លងកាត់ព្រំដែន Kerem Shalom ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រអាចបញ្ជាក់ផ្ទៀងផ្ទាត់បានទីតាំងរូបភាពវីដេអូឃ្លីបពីប្លង់ផ្លូវ រចនាសម្ព័ន្ធអគារ និងបង្គោលអគ្គិសនី ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ប៉ុន្តែពួកគេមិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យពីកាលបរិច្ឆេតថតវីដេអូមួយនេះបានឡើយ ៕