ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញថ្លែងការអរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតឈានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមានឱកាសបើកសាលារៀនឡើងវិញ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូ អ្នកគ្រូដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានយ៉ាងជោគជ័យ។
ការថ្លែងនូវការអរគុណនេះ ត្រូវបាន លោក នួន ផារ័ត្ន លើកឡើងក្នុងឱកាសដែលលោកតំណាងឱ្យឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។
លោក នួន ផារ័ត្ន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកពិតជាអរគុណ ចំពោះលោកគ្រូ អ្នកគ្រូដែលមិនរត់ចោលគ្នាក្នុងគ្រាដ៏លំបាកនៃជំងឺកូវីដ-១៩ ហើយលោកក៏អរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះរាជរដ្ឋាភិបាលដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ បានយ៉ាងល្អ ពិសេស គឺរាជរដ្ឋាភិបាលបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ពោល គឺក្នុងចំនួនប្រជាពលរដ្ឋ ១៦លាននាក់ ការចាក់វ៉ាសាំងបានប្រមាណ ៨៩,២៦% ហើយគ្រោងនឹងចាក់វ៉ាក់សាំងដូសទី៤នៅពេលខាងមុខនេះបន្ថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកក៏នៅតែធ្វើការណែនាំឱ្យលោកគ្រូ អ្នកគ្រូនិង សិស្សានុសិស្សទាំងអស់ សូមកុំភ្លេចការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយសារតែពេលនេះ កូវីដ-១៩ ប្រភេទអូមីក្រុង បានចូលក្នុងសហគមន៍ហើយ ដែលយើងត្រូវតែបន្តការប្រុងប្រយ័ត្នថែមទៀត។
លោក នួន ផារ័ត្ន បន្តថា សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដោយយើងនឹងត្រូវធ្វើជាប្រធានអាស៊ានទាំង១០ប្រទេស ហើយរាជធានីភ្នំពេញក៏ត្រូវធ្វើជាប្រធានទីក្រុងអាស៊ានផងដែរ ។ បន្ថែមពីនេះ ឆ្នាំ២០២២ យើងក៏មានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលលោកគ្រូ អ្នកគ្រូត្រូវតែចូលរួមក្នុងការបោះឆ្នោតនេះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដោះស្រាយការខ្វះខាត និងការលំបាកនៅតាមគ្រឹះស្ថានសិក្សា ដែលមានតម្រូវការជាចាំបាច់ ការឧបត្ថម្ភថ្នាំបាញ់សម្លាប់មេរោគកូវីដ-១៩ សាប៊ូ ទឹកថ្នាំសម្លាប់មេរោគ និងសម្ភាៈសម្រាប់កំចាត់មេរោគកូវីដ-១៩ជាច្រើនទៀត។
លោកបន្តថា សម្រាប់ការដាក់ឲ្យដំណើរការ គ្រឹះស្ថានសិក្សានាឆ្នាំសិក្សាថ្មីដែលត្រូវចាប់ដំណើរការពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ និងដើម្បីចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បានត្រៀមចូលរួម អនុវត្តនូវវិធានការពាររបស់ក្រសួងសុខាភិបាល ដោយតម្រូវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធក្នុងសាលាបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់គ្រប់ៗគ្នា។ គ្រប់សាលាត្រូវបង្កើនកន្លែងលាងដៃឱ្យបានច្រើន មានសាប៊ូ ជែល អាល់កុល និងម៉ាស៊ីនវាស់កម្ដៅ និងវិធានការផ្សេងទៀត ដែលបាននិងកំពុងដាក់ឱ្យអនុវត្តក្នុង គ្រឹះស្ថានសិក្សា។
ក្នុងឱកាសនោះដែរ លោក នួន ផារ័ត្ន តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនទៅដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ ដែលមានទាំងប៊ិច សៀវភៅ និងថវិកាមួយចំនួន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា