វាយកូនបាល់៖ តុលាការទីក្រុង Melbourne ប្រទេសអូស្ត្រាលីបានសំរេចកាត់ក្តីឱ្យកីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic ចាកចេញពីការឃាត់ខ្លួននៅសណ្ឋាគា និងផ្តល់ទិដ្ឋាការត្រលប់មកវិញ។ Novak Djokovic ត្រូវបានបដិសេធមិនឱ្យចូលប្រទេសអូស្ត្រាលី ហើយត្រូវបានលុបចោលទិដ្ឋាការបន្ទាប់ពីបានមកដល់ទីក្រុង Melbourne កាលពីល្ងាចថ្ងៃពុធសប្តាហ៍មុនដើម្បីការពារតំណែងជើងឯករបស់ខ្លួននៅព្រឹត្តិការណ៍ Grand Slam, Australian Open។

កងកម្លាំងអន្តោប្រវេសន៍អូស្ត្រាលីបានចោទប្រកាន់ថា កីឡាករវាយកូនបាល់សញ្ជាតិស៊ែបរូបនេះបានផ្តល់ឯកសារមិនគ្រប់គ្រាន់ តម្រូវតាមការចង់បានក្នុងការចូលមកកាន់ទឹកដីអូស្ត្រាលី និងពាក់ព័ន្ធជាមួយនឹងឯកសារចាក់វ៉ាក់សាំងផងដែរ។ Novak Djokovic ត្រូវបានឃាត់ខ្លួនឱ្យមន្ត្រីអន្តោប្រវេសន៍ និងឱ្យស្នាក់នៅក្នុងសណ្ឋាគារក្នុងអាកាសយានដ្ឋានទីក្រុង Melbourne រហូតដល់ថ្ងៃសំរេចក្តីថ្ងៃចន្ទម្សិលមិញនេះ។ តុលាការបានសំរេចឱ្យ Djokovic ឈ្នះរឿងក្តីនេះដោយថា នគរបាលអន្តោប្រវេសន៍មិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ Djokovic ក្នុងការឆ្លើយតបចំពោះឯកសារដែលមិនគ្រប់គ្រាន់របស់គាត់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Grand Slam, Australian Open នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករាដើមសប្តាហ៍ក្រោយនេះហើយ ខណៈ Novak Djokovic កំពុងសំឡឹងស្វែងរកជើងឯក Grand Slam មួយទៀតដើម្បីកាន់កំណត់ត្រាអ្នកឈ្នះ Grand Slam ច្រើនជាងគេ ខណៈដែលបច្ចុប្បន្ននេះកីឡាករ ៣រូបកំពុងមានពាន Grand Slam ក្នុងដៃ ២០លើកដូចគ្នារួមមាន Novak Djokovic, Roger Federer និង Rafael Nadal៕
អត្ថបទ៖នាង សុភាវុធ