ប្រទេសក្រិកបានព្រមានទួរគីថា ខ្លួនអាចនឹងរារាំងទួរគីមិនឲ្យមានលទ្ធភាពប្រើប្រាស់មូលនិធិការពារជាតិរបស់សហភាពអឺរ៉ុប (EU) ប្រសិនបើទីក្រុងអង់ការ៉ាមិនធានាថា អាវុធនឹងមិនត្រូវបានប្រើប្រាស់ ដើម្បីកំណត់គោលដៅលើទីក្រុងអាតែន។
សមាជិករបស់ EU គឺក្រិក និងប្រទេសជិតខាងទួរគី មានភាពតានតឹងជាប្រវត្តិសាស្ត្រជាមួយគ្នា ជុំវិញសិទ្ធិអធិបតេយ្យភាព នៅសមុទ្រ Aegean ហើយថ្មីៗនេះ ជុំវិញការរុករកថាមពល និងជនអន្តោប្រវេសន៍។
ទួរគីដែលជាសមាជិករបស់អង្គការណាតូ តែមិនមែន EU នោះ មានសិទ្ធិទទួលបានហិរញ្ញប្បទានឧស្សាហកម្មការពារជាតិរបស់ EU និងកម្មវិធីលទ្ធកម្មរួម ដែលជាផ្នែកមួយនៃវិធានការសន្តិសុខ សម្រាប់គំនិតផ្តួចផ្តើម (សុវត្ថិភាព) អឺរ៉ុបចំនួន ១៥០ពាន់លានអឺរ៉ូ (១៧៦ពាន់លានដុល្លារ) របស់ប្លុកនេះ។
ប៉ុន្តែនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis កាលពីល្ងាចថ្ងៃពុធ (ទី២៣ ខែកក្កដា) បាននិយាយថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឲ្យទួរគីចូលរួមក្នុងគម្រោងការពារជាតិនោះឡើយ ប្រសិនបើប្រទេសនេះនៅតែបន្តគំរាមកំហែងបង្កសង្គ្រាមប្រឆាំងនឹងក្រិក និងចោទសួរ អំពីអធិបតេយ្យភាព នៅសមុទ្រ Aegean។ មេដឹកនាំអភិរក្សរូបនេះ បានប្រាប់ទូរទស្សន៍ Skai TV ថា៖ «ក្រិកនឹងមិនអនុញ្ញាតឲ្យវាកើតឡើងនោះទេ»។
ប្រទេសទួរគីបន្តគំរាមកំហែងធ្វើសង្រ្គាមជាយូរមកហើយ ប្រសិនបើក្រិកពង្រីកដែនទឹករបស់ខ្លួនជាឯកតោភាគី នៅក្នុងសមុទ្រ Aegean។ លោក Mitsotakis បានចង្អុលបង្ហាញថា សមាជិក EU ទាំង ២៧ប្រទេស នឹងត្រូវយល់ព្រមជាមុនសិន ទើបទួរគីអាចទទួលបានមូលនិធិសុវត្ថិភាពនេះ៕