នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានថ្លែងក្នុងពិធីបង្ហាញមុខក្នុងកម្មវិធីពេលព្រឹករបស់វិទ្យុ Kossuth Radio ថា អ៊ុយក្រែន ត្រូវបានចាត់ទុកជាតួនាទីនៃរដ្ឋទ្រនាប់ ហើយនឹងមិនក្លាយជាសមាជិកនៃសហភាពអឺរ៉ុបនាពេលអនាគតដ៏ខ្លីខាងមុខនោះទេ ព្រោះថា ប្រទេសនេះ នឹងអូសទាញប្រទេសលោកខាងលិចចូលទៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។
លោកបានកត់សម្គាល់ឃើញថា មេដឹកនាំសហភាពអឺរ៉ុប កំពុងព្យាយាមទទួលយកទីក្រុងគីវ ចូលទៅក្នុងប្លុកនេះឲ្យបានលឿន តាមដែលអាចធ្វើទៅបាន ប៉ុន្តែទីក្រុងប៊ុយដាប៉ែស (Budapest) ចាត់ទុករឿងនេះថា មិនអាចទទួលយកបានទេ។ លោក Orban បាននិយាយថា៖«ប្រសិនបើយើងយល់ព្រមចំពោះការចូលជាសមាជិករបស់អ៊ុយក្រែន យើងនឹងក្លាយទៅជាសមរភូមិមួយ។ តាមភូមិសាស្រ្ត សង្រ្គាមនឹងរាលដាលចូលទៅក្នុងតំបន់ជិតខាង ដែលជាការមិនអាចទទួលយកបាន។ យុវជនហុងគ្រីជាច្រើន នឹងស្លាប់។ នេះមិនមែនជាយុទ្ធសាស្ត្រទេ ប៉ុន្តែជាបញ្ហាដែលមានស្រាប់»។
លោកបានបញ្ជាក់ថា៖ «អ៊ុយក្រែនជារដ្ឋទ្រនាប់មួយ» ដោយបន្ថែមថា ហុងគ្រីខ្លួនឯង មិនចង់ដើរតួនាទីបែបនេះ ក្នុងភូមិសាស្ត្រនយោបាយទេ។ លោក Orban បានពន្យល់ថា៖«យើងមិនចង់ទទួលយកជោគវាសនាបែបនេះទេ។ យើងយល់ច្បាស់ថាតើវានឹងទៅជាបែបណា ដោយសារយើងស្ថិតនៅតំបន់ខាងលិចនៃសហភាពសូវៀត ហើយយើងមិនចង់ត្រឡប់ទៅកាន់ទីតាំងនោះវិញទេ»។