ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាពនៅស្រុកចំនួន២ផ្សេងគ្នា គឺស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្ដាំមផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនដែលរងការគំរាមកំហែងផ្ទាល់ពីខ្មាំងឈ្លានពាន។
កងកម្លាំងជួរមុខ នឹងបន្តឆ្លើយតបការពារអធិបតេយ្យភាពជាតិ និងការបូរណភាពទឹកដី រហូតដល់បងប្អូនវិលត្រឡប់ទៅផ្ទះសម្បែងវិញ៕








