ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារអំពាវនាវពលរដ្ឋក្នុងខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ រក្សាភាពស្ងៀមស្ងាត់ កុំចលាចល និងស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។
ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ២ ថ្ងៃកន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សាប្តូរផ្តាច់ការពារបូរណភាពទឹកដីបានជាទីមោទនៈ។
ឯកឧត្តមថ្លែងថា៖«ចំពោះខេត្តដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសថៃ៖ ខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ សូមបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការបង្កភាពចលាចល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។ កងកម្លាំងរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសុខសុវត្ថិភាពរបស់បងប្អូន និងបូរណាភាពទឹកដីកម្ពុជាយើង។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងយើង»៕