ការប៉ះទង្គិចគ្នារវាងក្រុមអ្នកប្រយុទ្ធជនជាតិភាគតិច Druze និងក្រុមកុលសម្ព័ន្ធ Bedouin ស៊ុននី និងកងកម្លាំងរដ្ឋាភិបាលក្នុងទីក្រុងSweida ប្រទេសស៊ីរី បានធ្វើឱ្យមន្ទីរពេទ្យធំរបស់ទីក្រុងនេះធ្លុះដោយរន្ធគ្រាប់កាំភ្លើង និងពេញដោយអ្នកជំងឺរងរបួស។ វីដេអូរបស់សារព័ត៌មាន Retuers កាលពីថ្ងៃសុក្រ បានបង្ហាញពីបរិក្ខាពេទ្យ និងរថយន្តគិលានសង្គ្រោះដែលខូចខាតនៅកន្លែងកើតហេតុ។
ការប៉ះទង្គិចគ្នារវាងនិកាយសាសនាបានកើនឡើងនៅក្នុងទីក្រុងក្នុងខែនេះរវាងក្រុមជនជាតិភាគតិច Druze ជាជនជាតិភាគតិចសាសនាដែលមានដើមកំណើតនៅតំបន់នេះ និងក្រុមកុលសម្ព័ន្ធ Bedouin ស៊ីរី។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំង ក្រោយមកបានផ្ទុះឡើងរវាងកងជីវពល Druze និងកងកម្លាំងរដ្ឋាភិបាលដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុងនោះដើម្បីបង្ក្រាបភាពវឹកវរ។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបានប្រាប់អ្នកសារព័ត៌មានថា មណ្ឌលថែទាំសុខភាពនៅ ទីក្រុងSweida ស្ថិតនៅក្រោម «ភាពតានតឹងខ្លាំង» ដោយចរន្តអគ្គិសនី និងទឹក ត្រូវបានកាត់ផ្តាច់ ហើយការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសំខាន់ៗបានថយចុះ។ បុគ្គលិកពេទ្យជាច្រើនមិនអាចទៅដល់កន្លែងធ្វើការរបស់ពួកគេដោយសុវត្ថិភាពទេ ហើយកន្លែងបញ្ចុះសពរបស់មន្ទីរពេទ្យធំគឺពេញ ហើយមន្ទីរពេទ្យត្រូវដោះស្រាយបញ្ហាកើនឡើងអ្នកជំងឺរងរបួស។
យោងតាមបណ្តាញសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៩០៣ នាក់ ត្រូវបានសម្លាប់ ហើយ អង្គការសុខភាពពិភពលោក(WHO) និយាយថា មនុស្សជាង ១៤៥.០០០នាក់ ត្រូវបានជម្លៀសដោយការប្រយុទ្ធគ្នានាពេលថ្មីៗនេះ ដោយមានទីជម្រកជាច្រើននៅក្នុងមជ្ឈមណ្ឌលទទួលបណ្តោះអាសន្ននៅទីក្រុង Daraa និងទីក្រុងដាម៉ាស ។
