ឧត្តរមានជ័យ៖ តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាប់ផ្តើមចាត់ចែងរៀបចំម្ហូបអាហារជូនជនភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានដឹកនាំក្រុមការងារយុវជនរួមគ្នាប្រកបដោយសាមគ្គីភាពជាមហាគ្រួសារខ្មែរ ដើម្បីដោះស្រាយម្ហូបអាហារជាតម្រូវការចំពោះមុខជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពទាំងអស់ក្នុងឧត្តរមានជ័យ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្តេជ្ញាខិតខំជួយផ្តល់ការចម្អិនម្ហូបអាហារជូនភៀសសឹកឱ្យបានគ្រប់គ្នា ដើម្បីឱ្យបងប្អូនជនភៀសសឹកដែលរងគ្រោះយ៉ាងអយុត្តិធម៌អំឡុងកងទ័ពបើកការវាយប្រហារឈ្លានពាន និងបង្កវិនាសដល់សង្គមរស់នៅរបស់ប្រជាជនខ្មែរ៕










