អាជ្ញាធររបស់រដ្ឋ Michigan សហរដ្ឋអាមេរិក បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១នាក់ ត្រូវបានចាក់ឱ្យរបួសនៅឯហាងលក់ទំនិញ Walmart ដ៏ធំ ក្នុងទីក្រុង Traverse ដោយជនរងគ្រោះ ៦នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការិយាល័យតម្រួតតំបន់ Grand Traverse បាននិយាយថា នៅម៉ោងក្នុងស្រុកប្រហែល ៤:៤៥នាទីល្ងាចថ្ងៃសៅរ៍ (២៦ កក្កដា) បុរសវ័យ ៤២ឆ្នាំម្នាក់ ត្រូវគេចោទប្រកាន់ថាបានសម្រុកចូលទៅក្នុងហាង Walmart នេះ ហើយបានប្រើកាំបិតបត់មួយដើម្បីដេញចាក់មនុស្សចំនួន ១១នាក់ ដោយបន្ថែមថា ឧប្បត្តិហេតុនោះហាក់ដូចជាអំពើហិង្សាបែបចៃដន្យដោយមិនរើសមុខ។

នាយរងនគរបាលម្នាក់បានទៅដល់ទីតាំងកើតហេតុក្នុងពេលត្រឹមតែប៉ុន្មាននាទីក្រោយមក ហើយបានចាប់ឃុំខ្លួនបុរសនោះ។ ការិយាល័យតម្រួតនិយាយថា មនុស្សម្នានៅក្នុងហាងបានជួយចាប់ខ្លួនជនសង្ស័យ និងព្យាបាលជនរងគ្រោះ។ រថយន្តសង្គ្រោះបន្ទាន់ និងក្រុមឆ្លើយតបដំបូង បានប្រមូលផ្តុំយ៉ាងកុះករគ្នានៅចំណតរថយន្តនៃមជ្ឈមណ្ឌលផ្សារទំនើបនោះ ដែលក៏មានហាងលក់រាយជាច្រើនទៀត។
អាជ្ញាធរក៏កំពុងសម្ភាសបុគ្គលិក និងអ្នកផ្សេងទៀតនៅទីនោះ ដើម្បីជួយក្នុងការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់។ អភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmer បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកស្រីបានដឹងពីឧបទ្ទវហេតុនេះ ហើយកំពុងទាក់ទងជាមួយសមត្ថកិច្ច។ ចំណែកក្រុមហ៊ុន Walmart និយាយថា ខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងមន្រ្តីច្បាប់ក្នុងការស៊ើបអង្កេតលើគ្រោះថ្នាក់នេះ៕

