ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប៉ាគីស្ថាន នៅថ្ងៃអាទិត្យ (២៧ កក្កដា) នេះ បានព្យាករថានឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងថែមទៀត និងទំនងជាមានទឹកជំនន់យ៉ាងគំហុកនៅតំបន់ជាច្រើននៃប្រទេសចាប់ពីសប្តាហ៍ក្រោយនេះ ខណៈចំនួនអ្នកស្លាប់សរុបដោយសារភ្លៀងមូសុងចាប់តាំងពីចុងខែមិថុនាមក បានកើនឡើងដល់ ២៧១នាក់។
ភ្លៀងមូសុងខ្លាំងក្លាជាងគេបានវាយលុករដ្ឋជាច្រើនដូចជា Punjab, Khyber Pakhtunkhwa, និង Sindh ជាដើមចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា មក ដែលបណ្តាលឱ្យមានទឹកជំនន់ជន់លិចទីក្រុងនានា និងបឹងទឹកកករលាយហូរហៀបន្ថែមទៀតបង្កជាទឹកជំនន់នៅតំបន់ជាច្រើននៃប្រទេស។

ប៉ាគីស្ថានបានទទួលទឹកភ្លៀងលើសពីធម្មតាក្នុងរដូវមូសុងនេះ ដោយបង្កើនក្តីបារម្ភនៃការកើតឡើងម្តងទៀតនៃទឹកជំនន់ដ៏អាក្រក់ និងបំផ្លិចបំផ្លាញខ្ឡាំងនៅឆ្នាំ២០២២ ដែលបានជន់ទឹកមួយភាគបីនៃប្រទេស និងបានសម្លាប់មនុស្សសរុបប្រមាណ ១.៧៣៧នាក់។
ក្រៅពីទឹកជំនន់បន្ថែម និងភ្លៀងធ្លាក់ខ្លាំង ការិយាល័យឧតុនិយមប៉ាគីស្ថានក៏ព្រមានថា ខ្យល់កន្រ្តាក់ទ្រង់ទ្រាយធំក៏ត្រូវបានរំពឹងថានឹងខិតមកជិតនៅថ្ងៃអង្គារ ២៩ កក្កដា សប្ដាហ៍ក្រោយនេះ។ ទូរទស្សន៍រដ្ឋនិយាយថា ភ្លៀងធ្លាក់ខ្លាំងអាចបង្កជាទឹកជំនន់យ៉ាងគំហុកនៅតាមតំបន់ និងបឹងអូរនានាទូទាំងប្រទេស ដោយបន្ថែមថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានការជន់លិចតំបន់ទីក្រុងទំនាបធំៗ៕

