អង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងព្យាយាមទៅដល់ប្រជាជនដែលអត់ឃ្លានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែល បានប្រកាសថាខ្លួននឹងបង្កើតផ្លូវគោកដែលមានសុវត្ថិភាពសម្រាប់ក្បួនរថយន្តមនុស្សធម៌។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនមានអាហារគ្រប់គ្រាន់នៅក្នុងឃ្លាំង ឬកំពុងធ្វើដំណើរទៅកាន់តំបន់នេះ ដើម្បីចិញ្ចឹមប្រជាជន២,១ លាននាក់នៅតំបន់ហ្កាហ្សាស្ទ្រីប សម្រាប់រយៈពេលជិតបីខែមកនេះ។
ក្រុមអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា អង្គការសហប្រជាជាតិនឹងព្យាយាមឈានដល់អ្នកអត់ឃ្លានឱ្យបានច្រើនតាមដែលអាចធ្វើបាន នៅក្នុងពេលវេលានោះ។
អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ២៧កក្កដា បានចាប់ផ្តើមការផ្អាកប្រយុទ្ធតាកទិកមានកំណត់ក្នុងប្រតិបត្តិការយោធា ដើម្បីអនុញ្ញាតឱ្យអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយដោះស្រាយវិបត្តិនៃភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរ។
លោក Fletcher បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងស្វាគមន៍ការសម្រេចចិត្តរបស់អ៊ីស្រាអែល ដើម្បីគាំទ្រដល់ការបង្កើនជំនួយរយៈពេលមួយសប្តាហ៍ រួមទាំងការដករបាំងគយលើអាហារ ឱសថ និងប្រេងឥន្ធនៈពីប្រទេសអេហ្ស៊ីប និងការរាយការណ៍អំពីការកំណត់ផ្លូវសុវត្ថិភាពសម្រាប់ក្បួនរថយន្តមនុស្សធម៌របស់អង្គការសហប្រជាជាតិ៕