ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងជាថ្មីកាលពីថ្ងៃអាទិត្យ (២៧ កក្កដា) ថា លោកជឿជាក់ថា ទាំងប្រទេសកម្ពុជា និងថៃ សុទ្ធតែចង់ដោះស្រាយការខ្វែងគំនិតគ្នារបស់ភាគីទាំងពីរ បន្ទាប់ពីលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំងពីរថា លោកនឹងមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឡើយ លុះត្រាតែប្រយុទ្ធគ្នាត្រូវបានបញ្ចប់នៅតាមព្រំដែន ដែលភាគីថៃបានបង្កឡើង។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅដែនដីស្កុតឡែន នៃចក្រភពអង់គ្លេស លោក Trump បានលើកឡើងថា៖ រូបលោកបានពិភាក្សាទៅកាន់នាយករដ្ឋមន្ត្រីទាំងពីរ ហើយលោកគិតថាភាគីទាំងពីរចង់ដោះស្រាយបញ្ហាឥឡូវនេះ"។ លោក Trump ក៏បានគូសបញ្ជាក់ថា លោកជឿជាក់ថាក្រុមមន្ត្រីកម្ពុជា និងថៃ នឹងត្រូវជួបពិភាក្សាគ្នានៅពេលខាងមុខលើបញ្ហានេះ។
បន្ទាប់ពីការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បញ្ជាក់ថា ក្រុមមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក កំពុងតែស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ខណៈភាគីកម្ពុជា និងថៃ គ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សានៅទីនោះនាថ្ងៃចន្ទ ២៨ កក្កដា នេះ ដើម្បីស្វះស្វែងរកក្ដីសង្ឃឹមសម្រាប់បទឈប់បាញ់ក្នុងជម្លោះព្រំដែន ដែលភាគីថៃបានបង្កឡើង៕