ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un គឺលោកស្រី Kim Yo Jong បាននិយាយនៅថ្ងៃចន្ទ (២៨ កក្កដា) នេះក្នុងការឆ្លើយតបលើកដំបូងចំពោះដំណោះស្រាយសន្តិភាពរបស់លោកប្រធានាធិបតីសេរីនិយមកូរ៉េខាងត្បូង Lee Jae Myung ថា ប្រទេសកូរ៉េខាងជើង ពុំមានចំណាប់អារម្មណ៍លើគោលនយោបាយ ឬសំណើសម្រាប់ការផ្សះផ្សាពីកូរ៉េខាងត្បូងនោះទេ។

លោកស្រី Kim Yo Jong ដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចកូរ៉េខាងជើង និងត្រូវបានគេជឿថានិយាយតំណាងឱ្យមេដឹកនាំប្រទេសនេះ បានលើកឡើងថា ការសន្យារបស់លោក Lee ចំពោះការប្តេជ្ញាចិត្តសម្ព័ន្ធសន្តិសុខកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក បានបង្ហាញយ៉ាងជាក់ច្បាស់ថា លោកមិនខុសអ្វីពីអ្នកកាន់តំណែងមុនរបស់លោកទេ។
លោកស្រី Kim Yo Jong បាននិយាយក្នុងបទអត្ថាធិប្បាយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA ថា "ប្រសិនបើកូរ៉េខាងត្បូង រំពឹងថានឹងអាចផ្លាស់ប្តូរផលវិបាកទាំងអស់នៃសកម្មភាពរបស់ខ្លួនជាមួយនឹងពាក្យសម្ដីមនោសញ្ចេតនាមួយចំនួននោះ គឺជាការគណនាខុសដ៏ធំ"។
គួរឱ្យដឹងថា លោក Lee — ដែលចូលកាន់តំណែងជាមេដឹកនាំកូរ៉េខាងត្បូងកាលថ្ងៃទី០៤ ខែមិថុនា ក្រោយឈ្នះឆ្នោតមួយបន្ទាប់ពីការដកតំណែងប្រធានាធិបតីអភិរក្សនិយមប្រកាន់ជំហរតឹង Yoon Suk Yeol ជុំវិញការប៉ុនប៉ងបរាជ័យនៃច្បាប់អាជ្ញាសឹក — បានប្តេជ្ញាថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ដែលបានឈានដល់កម្រិតដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕

