អ្នកចរចាជាន់ខ្ពស់អាមេរិក និងចិន នឹងជួបប្រជុំគ្នានៅទីក្រុង Stockholm នៅថ្ងៃចន្ទ ២៨ កក្កដានេះ ដើម្បីដោះស្រាយជម្លោះសេដ្ឋកិច្ចជាយូរមកហើយនៅកណ្តាលនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរក្នុងគោលបំណងពង្រីកកិច្ចព្រមព្រៀងផ្អាកការដំឡើងពន្ធដ៏ខ្ពស់។

ប្រទេសចិន កំពុងប្រឈមនឹងកាលបរិច្ឆេទកំណត់នៅថ្ងៃទី ១២ ខែសីហា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងពន្ធជាប់លាប់ជាមួយរដ្ឋបាលរបស់ប្រធានាធិបតីលោក Donald Trump បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងបឋមកាលពីខែមិថុនា ដើម្បីបញ្ចប់ការដំឡើងពន្ធដាក់គ្នាយ៉ាងខ្ពស់រយៈពេលជាច្រើនសប្ដាហ៍។
បើគ្មានកិច្ចព្រមព្រៀងទេ ខ្សែសង្វាក់ផ្គត់ផ្គង់សកលអាចប្រឈមនឹងភាពចលាចលជាថ្មីពីកាតព្វកិច្ចពន្ធលើសពី១០០ភាគរយ។
កិច្ចពិភាក្សានៅទីក្រុង Stockholm ដែលបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងអនុនាយករដ្ឋមន្ត្រីចិន លោក ហ៊ើ លីហ្វឹង(He Lifeng) កើតឡើងស្របពេលសហភាពអឺរ៉ុបទទួលយកពន្ធ១៥ ភាគរយលើការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក និងយល់ព្រមធ្វើឱ្យសហភាពអឺរ៉ុបទិញថាមពល និងឧបករណ៍យោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក៕

