ក្រុមគាំទ្រប៉ាឡេស្ទីន Freedom Flotilla Coalition (FFC) និយាយថា ទាហានអ៊ីស្រាអែល បានឡើងលើទូកដែលកំពុងព្យាយាមនាំយកជំនួយស្បៀងអាហារទៅកាន់តំបន់ហ្កាហ្សាស្ទ្រីបតាមសមុទ្រ។ ក្រុមនេះបាននិយាយថា ទូកឈ្មោះថា Handala ត្រូវបានស្ទាក់ចាប់នៅក្នុងដែនទឹកអន្តរជាតិ។ វីដេអូដែលត្រូវបានគេរាយការណ៍ បានបង្ហាញក្រុមសកម្មជននៅលើទូកដោយលើកដៃឡើងលើខណៈទាហានប្រដាប់អាវុធជាច្រើននាក់ បានចូលគ្រប់គ្រងទូក។
ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយថា កងទ័ពជើងទឹករបស់ប្រទេស បានបញ្ឈប់ទូក «ពីការចូលដោយខុសច្បាប់ទៅក្នុងតំបន់ដែនសមុទ្រឆ្នេរហ្កាហ្សានិងបានទម្លាយការបិទផ្លូវនៅទីនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញ X ក្រសួងបាននិយាយថា «ការប៉ុនប៉ងដោយគ្មានការអនុញ្ញាតដើម្បីបំពានការបិទផ្លូវគឺមានគ្រោះថ្នាក់ ខុសច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ដែលកំពុងបន្ត»។ សេចក្តីថ្លែងការណ៍ពុំបានផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលទូកត្រូវបានស្ទាក់ចាប់នោះទេ។ ទន្ទឹមនឹងនេះក្រុមគាំទ្រប៉ាឡេស្ទីន(FFC) បាននិយាយថានាវិករបស់ទូក Handala មានសកម្មជន១៩នាក់ និងអ្នកសារព័ត៌មានពីរនាក់។ ពួកគេមកពីប្រទេសផ្សេងៗគ្នា រួមមានអូស្ត្រាលី បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវបាន «ចាប់ពង្រត់» ដោយទាហានអ៊ីស្រាអែល។