ក្រុមអ្នកតវ៉ាប្រឆាំងជនអន្តោប្រវេសន៍ប្រហែល២០០នាក់បានប្រឈមមុខដាក់គ្នាកាលពីថ្ងៃអាទិត្យ ជាមួយនឹងក្រុមអ្នកតវ៉ាប្រឆាំងការរើសអើងជាតិសាសន៍ប្រហែល៣៥០នាក់នៅខាងក្រៅសណ្ឋាគារមួយកន្លែង ដែលត្រូវបានគេជឿថាផ្តល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍នៅទីក្រុង Epping ភាគខាងកើតប្រទេសអង់គ្លេស ដែលបានក្លាយជាចំណុចក្តៅមួយនៃការជជែកដេញដោលដ៏តានតឹងរបស់ប្រទេសជុំវិញការធ្វើអន្តោប្រវេសន៍។
ក្រុមបាតុករប្រឆាំងជនអន្តោប្រវេសន៍មានសមាសភាពនៃមនុស្សមួយចំនួនមានទំនាក់ទំនងជាមួយចលនាស្តាំនិយមជ្រុលរបស់ចក្រភពអង់គ្លេស និងបុគ្គលមួយចំនួនដែលតែងតែមកតវ៉ាប្រឆាំងការធ្វើអន្តោប្រវេសន៍ជាញឹកញាប់។ ប៉ុន្តែក៏មានអ្នកស្រុកមួយចំនួនដែលចង់តវ៉ានៅសណ្ឋាគារ Bell ដែលត្រូវបានប្រើប្រាស់សម្រាប់ជនអន្តោប្រវេសន៍។
ក្រុមបាតុករប្រឆាំងការរើសអើងជាតិសាសន៍ បានចេញធ្វើបាតុកម្មដើរដង្ហែរតាមដងផ្លូវនានាក្នុងភូមិដ៏ស្ងប់ស្ងាត់ក្បែរទីក្រុង Epping ឆ្ពោះទៅសណ្ឋាគារមួយ ដែលពួកគេត្រូវបានគេឲ្យទៅកាន់ទីវាលមួយកន្លែងនៅក្បែរបាតុករប្រឆាំងជនអន្តោប្រវេសន៍ដែលត្រូវបានបំបែកដោយក្រុមនគរបាល។