ទីភ្នាក់ងាររដ្ឋាភិបាលហ្វីលីពីន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសហ្វីលីពីន បានរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយសារព្យុះស៊ីក្លូនត្រូពិកជាបន្តបន្ទាប់ ដោយមនុស្សចំនួន ៣១ នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង ៧ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
ក្រោមឥទ្ធិពលរួមបញ្ចូលគ្នានៃព្យុះទីហ្វុង Wipha, Francisco និងព្យុះ Co-May ក៏ដូចជាខ្យល់មូសុងនិរតី និងប្រព័ន្ធអាកាសធាតុផ្សេងទៀត គិតត្រឹមម៉ោង៦ ព្រឹកថ្ងៃចន្ទនេះ មនុស្សសរុបចំនួន៣១ នាក់បានស្លាប់ ១៧ នាក់បានរងរបួស និង៧ នាក់កំពុងបាត់ខ្លួន នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) ។
ប្រភពដដែលបានរាយការណ៍ថាមនុស្សជាង១,៧៥ លានគ្រួសារឬជាង ៦,២៧ លាននាក់ត្រូវបានរងផលប៉ះពាល់ទូទាំងប្រទេស។
NDRRMC បាននិយាយថា កសិកម្មរបស់ប្រទេសបានទទួលរងការខាតបង់ជាង៧៩០ លានប៉េសូ ប្រហែល១៣.៨លានដុល្លារ ខណៈការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមានលើសពី៦.៥ពាន់លានប៉េសូ ប្រហែល១១៣.៨ លានដុល្លារ។
ទីភ្នាក់ងារនេះបាននិយាយថា ទីក្រុង និងទីប្រជុំជន សរុបចំនួន ១៩២ បានប្រកាសអាសន្ននៃគ្រោះមហន្តរាយ៕