ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងកំណត់គោលដៅនាវាណាមួយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មជាមួយកំពង់ផែអ៊ីស្រាអែល ដោយមិនគិតពីសញ្ជាតិរបស់ពួកគេ ដែលជាផ្នែកមួយនៃអ្វីដែលពួកគេហៅថា ជាដំណាក់កាលទី ៤ នៃប្រតិបត្តិការយោធារបស់ពួកគេប្រឆាំងនឹងអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ អ្នកនាំពាក្យយោធារបស់ក្រុមហ៊ួទី បានព្រមានថា នាវានឹងត្រូវបានវាយប្រហារ ប្រសិនបើក្រុមហ៊ុនមិនអើពើនឹងការព្រមានរបស់ពួកគេ ដោយមិនគិតពីទិសដៅរបស់ពួកគេឡើយ។
លោកបានបន្ថែមថា៖«ប្រសិនបើពួកគេចង់ជៀសវាងការកើនឡើងភាពតានតឹងនេះ កងកម្លាំងប្រដាប់អាវុធយេម៉ែន អំពាវនាវដល់ប្រទេសទាំងអស់ ឲ្យដាក់សម្ពាធដល់សត្រូវឲ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួន និងដកការបិទផ្លូវ នៅតំបន់ហ្កាហ្សាស្ទ្រីប»។

ចាប់តាំងពីសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានចាប់ផ្តើម នៅក្នុងខែតុលា ឆ្នាំ ២០២៣ ក្រុម ហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងវាយប្រហារលើនាវាដែលពួកគេចាត់ទុកថា មានគោលដៅ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលជាអ្វីដែលពួកគេនិយាយថា ជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន។