ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Google បានទទួលស្គាល់ថា ប្រព័ន្ធប្រកាសអាសន្នគ្រោះរញ្ជួយដីរបស់ខ្លួន បានបរាជ័យក្នុងការជូនដំណឹងដល់ប្រជាជនទួរគី ឱ្យបានត្រឹមត្រូវអំឡុងពេលមហន្តរាយរញ្ជួយដីនៅឆ្នាំ២០២៣។ គួរឱ្យដឹង ប្រព័ន្ធនេះគួរតែអាចព្រមានមនុស្ស ១០លាននាក់ ក្នុងចម្ងាយ ១៥៨គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃរញ្ជួយ ដោយបញ្ជូនដំណឹងកម្រិតខ្ពស់បំផុត ដែលផ្តល់ពេលវេលាព្រមានរហូតដល់ ៣៥វិនាទី ដើម្បីស្វែងរកទីសុវត្ថិភាព។

ផ្ទុយទៅវិញ មានតែសារព្រមាន "ចាត់វិធានការបន្ទាន់" ចំនួន ៤៦៩សារប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនចេញ សម្រាប់រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ ជាលើកដំបូង។ Google បានប្រាប់សារព័ត៌មាន BBC ថា មនុស្សកន្លះលាននាក់បានទទួលការព្រមានកម្រិតទាប ដែលបង្កើតឡើងសម្រាប់ "រំញ័រកម្រិតស្រាល" ហើយមិនបានជូនដំណឹងដល់អ្នកប្រើប្រាស់ផ្សេងទៀតតាមរបៀបបន្ទាន់នោះទេ។
ប្រព័ន្ធនេះដំណើរការលើឧបករណ៍ Android ដែលមានអ្នកប្រើច្រើនជាង ៧០% នៃម៉ាកទូរសព្ទនៅទួរគី។ គួររម្លឹកថា មនុស្សជាង ៥៥.០០០នាក់ បានស្លាប់នៅពេលគ្រោះរញ្ជួយដីដ៏ធំចំនួន ២លើក វាយប្រហារភាគអាគ្នេយ៍ទួរគី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងមនុស្សជាង ១០០.០០០នាក់ រងរបួស។ មនុស្សជាច្រើនកំពុងសម្រាន្តលង់លក់នៅពេលមហន្តរាយកើតឡើង ភាគច្រើនក្នុងអគារដែលបាក់រលំ។
ប្រព័ន្ធព្រមានជាមុនរបស់ Google បានដំណើរការនៅពេលនោះ ហើយក៏បានបន្តច្រើនថ្ងៃក្នុងការរញ្ជួយដី ប៉ុន្តែប្រព័ន្ធអាសន្ននេះបានប៉ាន់ស្មានខុសថាការរញ្ជួយដីនោះមានកម្រិតខ្លាំងក្លាប៉ុណ្ណា៕

