ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងយកបញ្ហាប្រឈមនានាដាក់លើតុដោះស្រាយនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២-២០២៣ នាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងយន្ដការការងារឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះបានផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ២ ទី១-ការត្រួតពិនិត្យកម្មវិធីការរៀបចំសន្និបាត និងទី២-ការត្រួតពិនិត្យរបាយការណ៍បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២-២០២៣ នាពេលខាងមុខ។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះបានទទួលនូវធាតុចូលសំខាន់ៗជាច្រើន ក្រោយមានការពិភាក្សាគ្នារវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មការជំនាញនីមួយៗដើម្បីត្រៀមរំលេចនូវសមិទ្ធផល និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២១ ពិសេសបញ្ហាប្រឈមទាំងអស់នឹងត្រូវដាក់ក្នុងសន្និបាតដើម្បីដោះស្រាយ និងស្នើសុំអនុសាសន៍ពីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីទទួលបានយន្ដការជាក់លាក់មួយ សម្រាប់អនុវត្តឲ្យមានប្រសិទ្ធភាពក្នុងឆ្នាំ២០២២ រហូតដល់ស៊ីហ្គេមឆ្នាំ២០២៣។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបន្ថែមថា ឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការស៊ីហ្គេមដែលគ្រប់ភាគីពាក់ព័ន្ធ និងគណៈកម្មការជំនាញនីមួយៗត្រូវយកចិត្តទុកដាក់ ហើយត្រូវដើរស្របគ្នាទៅតាមគន្លងថ្មីនាសម័យកូវីដ-១៩ ដើម្បីចៀសវាងនូវផលប៉ះពាល់ដល់ប្រសិទ្ធភាពការងារស៊ីហ្គេម ទាំងលើការងារបច្ចេកទេស ការងាររៀបចំ និងយន្ដការផ្សេងៗទៀត។ ដូច្នេះឯកឧត្តមរំពឹងថា គណៈកម្មការទាំងអស់នឹងពង្រឹងការអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា