នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រឹងប្រែងរាល់កិច្ចខិតខំទាំងអស់ ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ។
លោក Sisi និងលោក Trump មាននូវទំនាក់ទំនងកក់ក្តៅជាយូរមកហើយ ។ អេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បានសម្របសម្រួលក្នុងការស្វែងរកបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
លោក Sisi និយាយនៅក្នុងសុន្ទរកថាចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថា លោកបានបញ្ជូនសារពិសេសនេះទៅកាន់លោកប្រធានាធិបតី Trump សូមមេត្តាប្រឹងប្រែងរាល់កិច្ចខិតខំទាំងអស់ ដើម្បីបញ្ចប់សង្រ្គាមមួយនេះ និងអនុញ្ញាតឲ្យជំនួយចូល ។ លោកបន្តថា លោក Trumpគឺជាមនុស្សម្នាក់ដែលអាចបញ្ឈប់សង្រ្គាមមួយនេះបាន ។
ជុំចុងក្រោយនៃកិច្ចប្រជុំស្វែងរកបទឈប់បាញ់នៅទីក្រុង Doha រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបរាជ័យ កាលពីសប្តាហ៍មុន ដោយគ្មានសញ្ញានៃកិច្ចព្រមព្រៀងនោះទេ ស្របពេលដែលក្រុមអ្នកសម្របសម្រួល ព្យាយាមបិទគំលាតរវាងភាគីទាំង ២ ។
លោក Sisi និយាយថា អេហ្ស៊ីបកំពុងធ្វើការធានាដល់ការចូលជំនួយច្រើនបំផុតទៅកាន់តំបន់ហ្កាហ្សា ក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ ប៉ុន្តែការសម្របសម្រួលរវាងអ៊ីស្រាអែល និងអេហ្ស៊ីប ត្រូវការធ្វើបន្ថែមទៀត ។
នៅថ្ងៃចន្ទនេះដែរ រថយន្តរាប់សិបគ្រឿងដឹកជំនួយចូលទៅកាន់តំបន់ហ្កាហ្សា បានធ្វើដំណើរចេញពីអេហ្ស៊ីប សម្រាប់រយៈពេល ២ថ្ងៃជាប់ៗគ្នា ក្រោយអ៊ីស្រាអែលបន្ធូរបន្ថយការបិទច្រកលើដែនដីប៉ាឡេស្ទីនមួយនេះ ។
យោធាអ៊ីស្រាអែល បានបើកច្រករបៀងជំនួយសម្រាប់ក្បួនរថយន្តដឹកស្បៀងអាហារ និងឱសថ ចន្លោះម៉ោង ៦ព្រឹក និងម៉ោង ១១យប់ ចាប់ផ្តើមពីថ្ងៃអាទិត្យតទៅ ៕