រដ្ឋមន្ត្រីជាច្រើននាក់បានមកជួបប្រជុំក្នុងសន្និសីទអង្គការសហប្រជាជាតិដើម្បីដើម្បីទទូចឱ្យពិភពលោកធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប៉ុន្តែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានធ្វើពហិការព្រឹត្តិការណ៍នេះ។

មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន១៩៣ប្រទេស បានសម្រេចកាលពីខែកញ្ញា ឆ្នាំមុនថា សន្និសីទនេះនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៥។ ដោយប្រទេសបារាំងនិងអារ៉ាប៊ីសាអូឌីត ជាអ្នករៀបចំ សន្និសីទត្រូវបានពន្យារកាលពីខែមិថុនា ឆ្នាំនេះ ក្រោយពីអ៊ីស្រាអែលបានវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។

ថ្លែងទៅកាន់អ្នកចូលរួមកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud បានទទូចឲ្យប្រទេសទាំងអស់គាំទ្រដល់គោលដៅសន្និសីទនៃផែនទីបង្ហាញផ្លូវ ដែលដាក់ចេញនូវដែនកំណត់ចំពោះរដ្ឋប៉ាឡេស្ទីន ខណៈធានាសន្តិសុខអ៊ីស្រាអែល។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា វាត្រូវតែបម្រើជាចំណុចរបត់ដ៏សំខាន់មួយ ជាកត្តាជំរុញឱ្យមានវឌ្ឍនភាពមិនអាចត្រឡប់វិញបាន ឈានទៅរកការបញ្ចប់ការកាន់កាប់ និងទទួលបានបំណងប្រាថ្នារួមរបស់យើងសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលអាចសម្រេចបាន»។ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែល បារ៉ុត(Jean-Noel Barrot) បាននិយាយទៅកាន់សន្និសីទថា «យើងត្រូវតែធ្វើការលើមធ្យោបាយឈានទៅរកការបញ្ចប់សង្គ្រាមនៅហ្កាហ្សា រហូតដល់ចុងបញ្ចប់នៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ខណៈសង្រ្គាមនេះកំពុងបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិសុខតំបន់ទាំងមូល។