ការប្រារព្ធទិវាឯករាជ្យនៅប្រទេសប៉េរូ ត្រូវបានញាំញីដោយអំពើហិង្សានៅក្នុងទីក្រុងលីម៉ា កាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្រឈមមុខជាមួយនគរបាល។ អំពើហិង្សាបានផ្ទុះឡើងនៅពេលដែលក្រុមបាតុករចូលទៅជិតផ្លូវនានានៅជុំវិញសភា ជាកន្លែងដែលប្រធានាធិបតី លោកស្រី Dina Boluarte ថ្លែងសុន្ទរកថា។

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប៉េរូ បានរាយការណ៍ថា ក្នុងចំណោមអ្នកតវ៉ាក៏មាននិស្សិតសាកលវិទ្យាល័យ និងសាច់ញាតិរបស់អ្នកដែលត្រូវបានសម្លាប់កាលពីដើមអាណត្តិរបស់លោកស្រី Boluarte ក្នុងខែធ្នូ ឆ្នាំ២០២២។ ការប៉ះទង្គិចគ្នា បានធ្វើឱ្យមនុស្សជាច្រើនរងរបួស។

ប្រជាប្រីយភាពរបស់លោកស្រី Boluarte ស្ថិតក្នុងកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ២ ទៅ៤%។ លោកស្រីប្រធានាធិបតីកំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់បទចោទប្រកាន់ថាបានទទួលសំណូកខុសច្បាប់ ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងករណីពាក់ព័ន្ធនាឡិកាម៉ាក Rolex ដ៏ប្រណីត។
លោកស្រី ក៏ប្រឈមមុខទៅនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់ប្រជាជនប៉េរូជាង៥០នាក់ក្នុងអំឡុងពេលតវ៉ាឆ្នាំ២០២២ និងឆ្នាំ២០២៣។ ទោះបីជាមានការរិះគន់ពីអង្គការសិទ្ធិមនុស្ស និងក្រុមគ្រួសារជនរងគ្រោះក៏ដោយ លោកស្រី Boluarte បានច្រានចោលបទចោទប្រកាន់ទាំងអស់។