នាយករដ្ឋមន្ត្រី លោក Mark Carney បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ការចរចារវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងពាណិជ្ជកម្មកំពុងស្ថិតក្នុងដំណាក់កាលដ៏តានតឹង។

ភាគីទាំងពីរកំពុងធ្វើការឈានទៅរកកិច្ចព្រមព្រៀងមួយនៅមុនថ្ងៃទី១ ខែសីហា ជាកាលបរិច្ឆេទដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងគំរាមដំឡើងពន្ធ៣៥% លើការនាំចូលមួយចំនួនរបស់ប្រទេសកាណាដា។ លោក Carney និយាយថា «ការចរចាកំពុងស្ថិតក្នុងដំណាក់កាលដ៏តានតឹង។ វាជាការចរចាដ៏ស្មុគស្មាញ ដែលយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាកិច្ចព្រមព្រៀងដែលត្រឹមត្រូវតែប៉ុណ្ណោះ»។
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌមួយជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យ ដោយបានដាក់ការដំឡើងពន្ធនាំចូលត្រឹមតែ ១៥% លើទំនិញភាគច្រើនរបស់សហភាពអឺរ៉ុប។
លោក Carney បាននិយាយកាលពីដើមខែនេះថាប្រទេសកាណាដា ដែលបាននាំចេញ៧៥ភាគរយនៃទំនិញរបស់ខ្លួនទៅសហរដ្ឋអាមេរិក ទំនងជាត្រូវទទួលយកការដំឡើងពន្ធមួយចំនួន។

