រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសកូរ៉េខាងត្បូង លោក Koo Yun-cheol បាននិយាយនៅថ្ងៃអង្គារទី ២៩ ខែកក្កដានេះថា លោកនឹងព្យាយាមទាញយកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក នៅក្នុងនិយាយលើកឡើងនៅមុនពេលលោកចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ។

មន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូល កំពុងពុះពារក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅមុនកាលបរិច្ឆេទផុតកំណត់នៅថ្ងៃសុក្រ ទី១ ខែសីហា ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មដំឡើងពន្ធដែលគំរាមកំហែងដោយប្រធានាធិបតីអាមេរិក លោក Donald Trump លើការនាំចេញឧស្សាហកម្មសំខាន់ៗរបស់ប្រទេសទៅកាន់សហរដ្ឋអាមេរិក។

ផែនការរបស់ លោក Koo ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនសម្រាប់ការចរចាជាមួយ លោក Bessent ត្រូវបានពន្យារ។
លោក Koo និយាយថា លោកនឹងចូលរួមជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Kim Jung-kwan និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Yeo Han-koo ដែលនឹងចរចាជាមួយមន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick សម្រាប់ «ការឆ្លើយតបទាំងអស់» ។