វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពិភាក្សា អំពីបញ្ហា នៅប្រទេសស៊ីរី និងអ៊ីរ៉ង់ ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ (ទី២៨ ខែកក្កដ)។
វិមានក្រឹមឡាំង បានបញ្ជាក់ថា អំឡុងពេលនោះ លោក Putin បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ស៊ីរី ហើយបានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការជួយចរចារកដំណោះស្រាយ ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។

ចំណែកការិយាល័យរបស់លោក Netanyahu ក៏បានបញ្ជាក់ផងដែរពីការជជែករបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជាមួយលោក Putin កាលពីថ្ងៃចន្ទនោះ ដោយប្រាប់ថា កិច្ចពិភាក្សាផ្តោតលើបញ្ហាអ៊ីរ៉ង់។
គួរដឹងថា រុស្ស៊ីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតមេដឹកនាំដ៏យូរអង្វែងរបស់ស៊ីរី គឺលោក Bashar al-Assad ដែលត្រូវបានគេរាយការណ៍ថា បានភៀសខ្លួនទៅកាន់ទីក្រុងមូស្គូជាមួយក្រុមគ្រួសារនោះ នៅតែមានមូលដ្ឋានយោធាចំនួន២ នៅក្នុងប្រទេសនេះ។
ហើយរុស្ស៊ីក៏ស្និទ្ធនឹងអ៊ីរ៉ង់ដែរ ដោយបានបង្កើនទំនាក់ទំនងយោធា ក្នុងអំឡុងពេលមានវាយលុករបស់វិមានក្រឹមឡាំង នៅអ៊ុយក្រែន។ ប៉ុន្តែទីក្រុងមូស្គូក៏ប្រឹងប្រែងឲ្យមានទំនាក់ទំនងល្អជាមួយអ៊ីស្រាអែល ដែលជាទីកន្លែងជ្រកកោនដ៏ធំមួយរបស់សហគមន៍ដើមកំណើតរុស្ស៊ី៕
