ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំប្រទេស រ៉្វាន់ដានិងកុងហ្គោ នឹងធ្វើដំណើរទៅកាន់ទីក្រុង Washington បន្ទាប់ពីភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីខែមុន ដើម្បីបញ្ឈប់អំពើហិង្សាដែលបានកើនឡើងក្នុងឆ្នាំនេះ។
លោក Tshisekedi មេដឹកនាំកុងហ្គោនិង លោក Kagame មេដឹកនាំប្រទេសរ៉្វាន់ដា បានជាប់គាំងនៅក្នុងសង្គ្រាមពាក្យសម្តីជុំវិញការវាយលុកដោយក្រុមឧទ្ទាម M23 គាំទ្រដោយប្រទេសរ៉្វាន់ដា ដែលបានដណ្តើមកាន់កាប់ទីក្រុងធំបំផុតចំនួនពីររបស់កុងហ្គោភាគខាងកើតចាប់តាំងពីខែមករា។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «ប្រមុខរដ្ឋ ក្រោយមកបានព្រមព្រៀងលើតម្រូវការដើម្បីបន្តការចរចាដែលបានផ្តួចផ្តើមនៅក្នុងទីក្រុងដូហា ប្រទេសកាតា ដើម្បីបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែង»។
អង្គការសហប្រជាជាតិ និងមហាអំណាចអន្តរជាតិ បានចោទប្រកាន់ប្រទេសរ៉ា្វន់ដាពីការផ្តល់អាវុធ និងបញ្ជូនទាហានទៅប្រយុទ្ធជាមួយក្រុមM23។ ប្រទេសរ៉្វាន់ដា និយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើសកម្មភាពការពារខ្លួនប្រឆាំងកងទ័ពនិងកងជីវពលរបស់ប្រទេសកុងហ្គោ ដែលជាអរិភាពចំពោះទីក្រុង Kigali ។
