ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា ការវាយលុកយោធារបស់អ៊ីស្រាអែលលើដែនដីនេះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦០.០០០នាក់ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក ជាជម្លោះមួយដែលបានបំផ្លិចបំផ្លាញដែនដីឆ្នេរមួយនេះ និងបង្កឲ្យមានវិបត្តិមនុស្សធម៌។
ហើយនៅថ្ងៃអង្គារ (ទី២៩ ខែកក្កដា) នេះ ក្រសួងបានឲ្យដឹងថា ចំនួនអ្នករងរបួស គឺ ១៤៥.៨៧០នាក់ ខណៈដែលមនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួន ក្រោមគំនរបាក់បែកនៃអគារ និងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ។
គួរបញ្ជាក់ថា សង្រ្គាមនេះបានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានធ្វើការវាយប្រហារឆ្លងព្រំដែនលើអ៊ីស្រាអែលភាគខាងត្បូង។
បើយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យុទ្ធនាការតាមផ្លូវអាកាស និងផ្លូវគោកជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានបំផ្លាញទាំងស្រុងនូវតំបន់ជាច្រើននៃដែនដីនេះ ប្រជាជនចំនួន ២,៣នាក់ត្រូវបម្លាស់ទីលំនៅ និងបានរុញឲ្យតំបន់នេះទៅកៀកនឹងមាត់ជ្រោះគ្រោះទុរិ្កក្ស។
អ៊ីស្រាអែលអះអាងថា ប្រតិបត្តិការរបស់ខ្លួន គឺមានគោលបំណងបំផ្លាញសមត្ថភាពយោធារបស់ក្រុមហាម៉ាស និងធានាឲ្យមានការដោះលែងចំណាប់ថ្នូរ៕