ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (២៩ កក្កដា) ថា លោកសង្ឃឹមថាជំនួបរបស់លោក ជាមួយប្រធានាធិបតីចិន លោក Xi Jinping នឹងប្រព្រឹត្តទៅបានមុនដំណាច់ឆ្នាំ២០២៥ នេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ទៅកាន់ក្រុងវ៉ាស៊ីនតោន លោក Trump លើកឡើងថា "មានបំណងចង់ជួបគ្នា ហើយរូបលោកក៏ទន្ទឹងរង់ចាំកិច្ចប្រជុំនេះដែរ ប៉ុន្តែប្រហែលជានៅមុនដំណាច់ឆ្នាំ"។ លោក Trump ក៏បញ្ជាក់ជាថ្មីថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នៅស៊ុយអែត កាលពីព្រឹកថ្ងៃអង្គារ បានប្រព្រឹត្តទៅ "ល្អណាស់"។
ការលើកឡើងនេះកើតឡើងបន្ទាប់ពីលោក Trump បានបដិសេធកាលពីចន្ទថា លោកមិនស្វះស្វែងរកកិច្ចប្រជុំកំពូលជាមួយលោក Xi នោះទេ ខណៈនៅតែរក្សាលទ្ធភាពនៃដំណើរទស្សនកិច្ចទៅប្រទេសចិន តបតាមការអញ្ជើញរបស់សមភាគីចិនរបស់លោក។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា មន្រ្តីជំនិតរបស់មេដឹកនាំទាំងពីរបានកំពុងពិភាក្សាគ្នាពីកិច្ចប្រជុំកំពូលដែលអាចកើតមាននេះ អំឡុងទស្សនកិច្ចទៅតំបន់អាស៊ីដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះនៅចុងឆ្នាំ២០២៥ នេះ។
របាយការណ៍ដែលសម្អាងដល់ប្រភពមិនបញ្ចេញឈ្មោះនិយាយថា លោក Trump និងលោក Xi អាចជួបគ្នាក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC ដែលធ្វើឡើងនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខ។ សូមជម្រាបជូនថា លោក Trump និងលោក Xi បានជួបមុខគ្នាចុងក្រោយបំផុតគឺក្នុងឆ្នាំ២០១៩ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន៕

