ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ (២៩ កក្កដា) ថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពន្ធគយដ៏ធ្ងន់ធ្ងរ និងវិធានការតឹងរ៉ឹងផ្សេងទៀតលើរុស្ស៊ី ក្នុងរយៈពេល "១០ថ្ងៃចាប់ពីថ្ងៃនេះ" (ពោលគឺចាប់ពីថ្ងៃអង្គារខាងលើ) ប្រសិនបើទីក្រុងមូស្គូ មិនបង្ហាញវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដ៏អូសបន្លាយជាង ៣ឆ្នាំរបស់ខ្លួននៅអ៊ុយក្រែន។

លោក Trump បានប្រកាសការព្រមានបន្ថយរយៈពេលឱសានវាទនេះជាលើកដំបូងកាលពីថ្ងៃចន្ទ ដោយនិយាយថា លោកកាត់រយៈពេលកំណត់ ៥០ថ្ងៃដំបូង ដែលបានដាក់ចេញកាលពីមួយខែមុន ឱ្យមកកាន់តែខ្លីសម្រាប់សកម្មភាពពីទីក្រុងមូស្គូ ហើយបានលើកឡើងពីថ្ងៃផុតកំណត់មិនច្បាស់លាស់ថ្មីពី ១០ ទៅ ១២ថ្ងៃ។ ប៉ុន្តែនៅថ្ងៃអង្គារ បន្ទាប់ពីកំណត់ឱសានវាទច្បាស់ៗ ១០ថ្ងៃនោះ លោកបានប្រាប់អ្នកកាសែតថា លោកមិនទាន់ឮការឆ្លើយតបពីរុស្ស៊ីទេ។
ថ្លែងនៅលើយន្តហោះ Air Force One លោក Trump បាននិយាយថា លោកមិនភ័យព្រួយសោះឡើយពីផលប៉ះពាល់ដែលអាចកើតមាននៃទណ្ឌកម្មរុស្ស៊ីលើទីផ្សារប្រេងពិភពលោក ឬតម្លៃទំនិញនោះទេ ដោយប្តេជ្ញាជំរុញផលិតកម្មប្រេងក្នុងស្រុកដើម្បីទូទាត់ផលប៉ះពាល់ណាមួយ។ លោក Trump បាននិយាយថា "លោកមិនដឹងច្បាស់ឡើយថាទណ្ឌកម្មនឹងប៉ះពាល់ដល់រុស្ស៊ីឬអត់ ពីព្រោះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្រហែលជានៅតែចង់បន្តសង្រ្គាមបន្ត"។
ប្រធានាធិបតីអាមេរិក ដែលធ្លាប់អួតពីទំនាក់ទំនងល្អជាមួយលោក Putin រូបនេះ កំពុងតែខកចិត្តកាន់តែខ្លាំងឡើងចំពោះការបដិសេធរបស់ក្រុងមូស្គូ ក្នុងការយល់ព្រមបទឈប់បាញ់ក្នុងសង្រ្គាមអ៊ុយក្រែន។ ថ្ងៃផុតកំណត់ថ្មីនេះបង្ហាញថា លោក Trump ត្រៀមខ្លួនដើម្បីឆ្ពោះទៅមុខពិតប្រាកដលើការគំរាមកំហែងនៃទណ្ឌកម្មរបស់លោក បន្ទាប់ពីភាពស្ទាក់ស្ទើកាលពីមុន៕

