ភ្នំពេញ៖ បារាំងបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ អាចឲ្យបើកដំណើរការប្រទេសបានឡើងវិញ។
ការថ្លែងរបស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ ( Jacques PELLET) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំនៅប្រទេសកម្ពុជាបែបនេះ នាឱកាសដែលឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យឯកឧត្តម ឫកអគ្គរដ្ឋទូត និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងអំពីកិច្ចសហប្រតិបតិ្តការវិស័យសុខាភិបាលដូចជា៖ កិច្ចសហប្រតិបតិ្តការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) និងសាធារណរដ្ឋបារាំង។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានមូលនិធិតាមរយៈ ANRS/AFD/INSERM/ANR/FEI នៅក្នុងឆ្នាំ២០១៥ ដែលថវិកានេះ ត្រូវបានទទួលក្នុងផ្នែក ការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវ។ កិច្ចសហប្រតិបតិ្តការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាធារណរដ្ឋបារាំង និងសមិទ្ធផលនៃកិច្ចសហប្រតិបតិ្តការរវាងសាកលវិទ្យាល័យវិទ្យាល័យសុខាភិបាល និងកិច្ចសហប្រតិបតិ្តការរវាងមនី្ទរពេទ្យកាល់ម៉ែត និងសាធារណរដ្ឋបារាំង និងសហប្រតិបតិ្តការបារាំង ផ្នែកមេរោគអេដស៍ និងជំងឺអេដស៍។
ជាចុងក្រោយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ដែលតែងតែផ្តល់នូវការគាំទ្រទាំងថវិកា និងការកសាងធនធានមនុស្ស លើវិស័យសុខាភិបាលដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មនី្ទរពេទ្យកាល់ម៉ែត និងការងារប្រយុទ្ធ នឹងមេរោគអេដស៍ និងជំងឺអេដស៍ ក៏ស្នើសុំភាគីបារាំងបន្តការគាំទ្រដល់ផ្នែកពាក់ព័ន្ធទាំងអស់៕ អត្ថបទ រដ្ឋា



