អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អ៊ីរ៉ង់មិនព្យាយាមប្រើឥទ្ធិពលដើម្បីគ្របដណ្តប់លើដំណើរការចរចាស្តីពីការបង្កើតរបបបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីបទេ ហើយការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ផ្ទុយពីនេះទៅវិញ គឺបណ្តាលមកពីការចង់គេចពីការទទួលខុសត្រូវចំពោះសកម្មភាពរបស់អាជ្ញាធរអ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«រាល់ការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់អ៊ីរ៉ង់ក្នុងការចរចា គឺគ្មានមូលដ្ឋានទាំងស្រុង ហើយបង្ហាញពីទម្រង់នៃការបង្វែរ និងការគេចវេសពីការទទួលខុសត្រូវចំពោះការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបជ្វីហ្វប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន រួមទាំងការសម្លាប់មនុស្សស្លូតត្រង់ជាង ៦០.000នាក់ ក្នុងនោះ មានទាំងស្ត្រី និងកុមារ ការពង្រឹងការបិទផ្លូវនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងប៉ុន្មានខែថ្មីៗនេះ និងការរារាំងជំនួយមនុស្សមិនឲ្យទៅដល់ប្រជាជនដែលរស់នៅដែនដីនេះ ក៏ដូចជាការសម្លាប់ជនស៊ីវិលដែលអត់អាហារបរិភោគ និងស្រេកឃ្លាន ដែលជាប់នៅក្នុងមជ្ឈមណ្ឌលចែកចាយជំនួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនមួយរបស់អាមេរិក»។

អ្នកការទូតរូបនេះ បានបញ្ជាក់ថា ដោយស្របជាមួយប្រទេសជាច្រើន សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា និងគាំទ្ររាល់គំនិតផ្តួចផ្តើមដែលអាចនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធ និងការកែលម្អស្ថានភាពរបស់ប៉ាឡេស្ទីន នៅក្នុងដែនដីដែលកំពុងត្រូវបានឡោមព័ទ្ធនេះ។
កាលពីថ្ងៃទី ២៨ ខែកក្កដា លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកការវាយប្រហារថ្មីប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើខ្លួនយល់ថា ទីក្រុងតេអេរ៉ង់ មានបំណងចង់កសាងសក្តានុពលរបស់ខ្លួនឡើងវិញនោះ ។ នាពេលមុននេះ មេដឹកនាំអាមេរិករូបនេះ ក៏បានចោទប្រកាន់អ៊ីរ៉ង់ថា ប៉ុនប៉ងប្រើឥទ្ធិពលលើការចរចាររវាងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា និងអ៊ីស្រាអែល អំពីការបង្កើតរបបបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។