រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃអង្គារ (ទី២៩ ខែកក្កដា) បាននិយាយថា លោកបានដាស់តឿនមន្ត្រីចិនថា ការបន្តទិញប្រេងពីរុស្សី អាចនឹងប្រឈមអត្រាពន្ធធ្ងន់ធ្ងរ ដោយសារតែច្បាប់នៅក្នុងសភា ប៉ុន្តែរូបលោកត្រូវបានប្រាប់មកវិញថា ទីក្រុងប៉េកាំងនឹងការពារអធិបតេយ្យភាពថាមពលរបស់ខ្លួន។
ដោយបញ្ចប់រយៈពេល ២ថ្ងៃនៃកិច្ចចរចាពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន នៅទីក្រុង Stockholm ប្រទេសស៊ុយអែត លោក Bessent បាននិយាយថា លោកក៏បានបង្ហាញផងដែរនូវការខកចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការបន្តទិញប្រេងដែលមានទណ្ឌកម្មពីអ៊ីរ៉ង់ និងការលក់ផលិតផលបច្ចេកវិទ្យាប្រើបានទាំងស៊ីវិល និងយោធា មានតម្លៃជាង ១៥ពាន់លានដុល្លារទៅឲ្យប្រទេសរុស្ស៊ី ជាអ្វីដែលបានជួយដល់សង្គ្រាមរបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន។

លោក Bessent បានបញ្ជាក់ថា ច្បាប់នៅក្នុងសភាអាមេរិកដែលអនុញ្ញាតឲ្យលោក Donald Trump យកអត្រាពន្ធរហូតដល់ ៥០០ភាគរយ លើប្រទេសដែលទិញប្រេងរងទណ្ឌកម្មរបស់រុស្ស៊ី នឹងជំរុញឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកចាត់វិធានការស្រដៀងគ្នា ដើម្បីកាត់បន្ថយប្រាក់ចំណូលថាមពលរបស់រុស្ស៊ី។
លោក Bessent បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ដូច្នេះខ្ញុំគិតថា នរណាដែលទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី គួរតែត្រៀមខ្លួនសម្រាប់រឿងនេះ»។ លោក Bessent បានបន្ថែមថា មន្ត្រីចិនបានឆ្លើយតបដោយនិយាយថា ចិនគឺជាប្រទេសអធិបតេយ្យមួយដែលមានតម្រូវការថាមពល ហើយការទិញប្រេង នឹងផ្អែកលើគោលនយោបាយផ្ទៃក្នុងរបស់ប្រទេស។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក Trump បានកាត់បន្ថយពេលវេលាកំណត់ដែលផ្ដល់ឲ្យទីក្រុងមូស្គូ ដើម្បីធ្វើយ៉ាងណាឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពសង្គ្រាម នៅអ៊ុយក្រែន ឬបើមិនដូច្នេះទេ អតិថិជនទិញប្រេងរបស់ខ្លួន ត្រូវប្រឈមនឹងអត្រាពន្ធបន្ថែម ១០០ភាគរយ។ មេដឹកនាំអាមេរិកបានកំណត់រយៈពេលថ្មីត្រឹម ១០ ទៅ ១២ថ្ងៃ ដែលជាការឆ្លុះបញ្ចាំងពីការខកចិត្តកាន់តែខ្លាំងឡើងរបស់លោក ចំពោះសកម្មភាពរបស់រុស្ស៊ី៕
