
កំពង់ធំ៖ មន្ទីរសុខាភិបាលខេត្តកំពង់ធំ និងអាជ្ញាធរក្រុងស្ទឹងសែន រៀបចំទីតាំងថ្មីបន្ថែមសម្រាប់ចាក់វ៉ាក់សាំង ដូសជំរុញ (ដូសទី៣) ដល់ប្រជាពលរដ្ឋ នៅមុខផ្សារកំពង់ធំ ដើម្បីផ្តល់ភាពងាយ និងចំណាយពេលវេលា កាន់តិចក្នុងការទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២, លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន លើកឡើងថា ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាផែនការយុទ្ធសាស្ត្រការពារសុខាភាព និងសុខុមាលភាពទូទៅរបស់ប្រជាពលរដ្ឋគ្រប់រូបក្រោមការយកចិត្តទុកដាក់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការរៀបចំទីតាំងថ្មីបន្ថែមនៅមុខផ្សារកំពង់ធំ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទៅ អាជីវករគ្រប់រូប ក្នុងការទទួលវ៉ាក់សាំង។ លោកបន្តថា ទីតាំងនេះ គឺផ្តល់វ៉ាក់សាំងសម្រាប់តែដូសទី៣ (ដូសជំរុញ) តែប៉ុណ្ណោះ! ចំពោះដូសផ្សេងទៀត ទាំងដូសទី១ ដូសទី២ នៅតែបន្តជាធម្មតា នៅតាមទីតាំង មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំងអស់នៅក្នុងខេត្តកំពង់ធំ។
លោកអភិបាលរងក្រុង អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអាជីវករ ដែលមានមុខរបរលក់ដូរ នៅក្នុងផ្សារក្តី ឬលក់ដូរចល័តក្តី សូមមកទទួលយកការចាក់វ៉ាក់សាំងដូសទី៣ ទាំងអស់គ្នា ដើម្បីការពារសុខភាពសាធារណៈ គ្រួសារ និងសុខភាពខ្លួនឯងផងដែរ។
ក្រុមប្រជាពលរដ្ឋ លើកឡើងដែរថា ការទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងពេលកន្លងមកមិនធ្វើឲ្យពួកគាត់ប៉ះពាល់ដល់សុខភាពខ្លាំងនោះទេ, ប៉ុន្តែ មានផលរំខានតិចតួច ដូចជាឈឺសាច់ដុំ ឬក្តៅខ្លួនតិចតួចតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញនេះ គឺជាភារកិច្ចរបស់ពលរដ្ឋគ្រប់រូបត្រូវរក្សាសុខភាពខ្លួនឯង និងចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសង្គមជាតិ។
តាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២, ប្រជាពលរដ្ឋអាយុ១៨ឆ្នាំងឡើង ចាក់ដូសទី១ សរុបចំនួនជិត ៤៨ម៉ឺននាក់, ចាក់ដូសទី២សរុបចំនួនជាង ២៦ម៉ឺននាក់, ចាក់ដូសទី៣ (ដូសជំរុញ) មានចំនួនសរុបជិត៥ម៉ឺន នាក់។ កុមារអាយុ១២-១៧ឆ្នាំ ចាក់ដូសទី១ សរុបជាង ៩ម៉ឺននាក់, ចាក់ដូសទី២ សរុបជាង៨ម៉ឺននាក់។ កុមារអាយុ ០៦-១១ឆ្នាំចាក់ដូសទី១ សរុបចំនួនជិត១០ម៉ឺននាក់, ចាក់ដូសទី២ សរុបចំនួនជាង៩ម៉ឺននាក់។ កុមារអាយុ ០៥ឆ្នាំចាក់ដូសទី១ សរុបចំនួន ជាង១ម៉ឺននាក់ និង ចាក់ដូសទី២ សរុបចំនួនជិត ៨ពាន់នាក់៕




