ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) នេះ បានរាយការណ៍ថា មនុស្ស ១០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ បន្ទាប់ពីរថយន្តក្រុង ១គ្រឿង បានបាត់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅក្នុងខេត្ត Shanxi ភាគខាងជើងរបស់ប្រទេសចិន ខណៈដែលភ្លៀង បានធ្លាក់យ៉ាងជោគជាំនៅតំបន់នេះ ក្នុងសប្តាហ៍នេះ។
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅតំបន់ភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៨នាក់ និងបង្ខំឲ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់ក្នុងសប្តាហ៍នេះ។ ផ្លូវរាប់សិបខ្សែត្រូវបានបិទ ភូមិជាច្រើនដាច់ចរន្តអគ្គិសនី ហើយផ្ទះសម្បែងត្រូវជន់លិច ដោយសារព្យុះភ្លៀង។
ទីភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា មនុស្ស ១០នាក់ដែលត្រូវបានប្រទះឃើញស្លាប់នោះ បានជិះឡានក្រុងកាលពីព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍ នៅពេលដែលឡាននោះបានបាត់នៅក្នុងទីក្រុង Datong។ ជាមួយគ្នានេះ សារព័ត៌មានបានបន្ថែមថា កិច្ចប្រឹងប្រែងស្វែងរក នឹងបន្តមាន សម្រាប់មនុស្ស ៤នាក់ដែលនៅតែបាត់ខ្លួន៕