ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ វរសេនីយ៍ត្រី លៀម សំពៅមាស និងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ពោ វៃ ដែលពលីក្នុងបុព្វហេតុជាតិការពារទឹកដី។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នៅព្រឹកនេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្រ្ដីនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែន ៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសពលោកអនុសេនីយ៍ឯក ពោ វៃ យោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងជាការសោកស្ដាយថា “ខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ព្រមទាំងកងកម្លាំងរួមអាវុធនៃអង្គភាពទាំងពីរដែលបានបាត់បង់ ស្វាមី ឪពុក សាច់ញាតិ ក៏ដូចជាយុទ្ធមិត្តជាទីគោរពស្រលាញ់ក្នុងពេលនេះ។ ខ្ញុំសូមលំឱនកាយគោរពចំពោះពលិកម្ម និងគុណបំណាច់ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី របស់បងប្រុសទាំងពីរ និងយុទ្ធជនទាំងអស់ប្រកបដោយមនោសញ្ចេតនាក្តុកក្តួលក្រៃលែង។ វីរភាពដ៏អង់អាចរបស់បងៗយុទ្ធជនទាំងអស់នឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន។ ក្នុងគ្រាលាគ្នាជាលើកចុងក្រោយ ខ្ញុំសូមបួងសួង ឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ វីរសេនីយ៍ត្រី លៀម សំពៅមាស និងអនុសេនីយ៍ឯក ពោ វៃ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។”







