ភ្នំពេញ៖ រដ្ឋាភិបាលហ្វីលីពីន តាមរយៈទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួលដល់ពលរដ្ឋខ្លួន ដែលកំពុងស្នាក់នៅ ឬបម្រើការងារនៅក្នុងប្រទេសកម្ពុជា លើការងារពាក់ព័ន្ធនឹងអន្តោរប្រវេសន៍ ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ១៩នេះ ។
ក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំកម្ពុជា បានអបអរសាទរ ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបញ្ហាជំងឺកូវីដ-១៩ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកយ៉ាងសកម្ម របស់ក្រសួងមហាផ្ទៃ ក្នុងការសម្រេចបាននូវជោគជ័យ ទៅលើការងារគ្រប់គ្រង ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ។
លោកជំទាវ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលកន្លងមក និងពិសេសនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ បានជួយសម្រួលការងារពាក់ព័ន្ធ នឹងអន្តោប្រវេសន៍ ចំពោះពលរដ្ឋហ្វីលីពីនមួយចំនួន ដែលជួបការលំបាកក្នុងកាលទេសៈ នៃជំងឺកូវីដ-១៩នេះ ។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃរបស់ទូតថ្មីហ្វីលីពីន ជាមួយគ្នានេះ សម្ដេចសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតថ្មី កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីននឹងកាន់តែបន្តរីកចម្រើនថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌគ្រួសារអាស៊ានផងដែរ ។
សម្ដេច ស ខេង បានបង្ហាញការរំពឹងថា ហ្វីលីពីនបន្តចូលរួមគាំទ្រដល់ការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ។
សម្ដេចក្រឡាហោម បានសម្ដែងក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធការងារសន្តិសុខ និងការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែទូលំទូលាយថែមទៀត ពិសេសលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការចែករំលែកបទពិសោធន៍ទៅវិញទៅមក ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោកជំទាវ Maria Amelita C.Aquino បានបញ្ជាក់ថា ហ្វីលីពីននៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងនឹងបន្តចូលរួមគាំទ្ររាល់ព្រឹត្តិការណ៍ ដែលក្រសួងមហាផ្ទៃ ត្រូវធ្វើជាប្រធានដឹកនាំ នៅក្រោមក្របខណ្ឌនៃអាស៊ាននេះផងដែរ ។ ទន្ទឹមនេះលោកជំទាវ មានបំណងក្នុងការពង្រីកទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ហ្វីលីពីន និងកម្ពុជា តាមរយៈការបង្កើតឲ្យមាន ការផ្លាស់ប្តូរទស្សនកិច្ច និងការចងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរ ៕អត្ថបទ ៖ សុខរិទ្ធ


