ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (៣០ កក្កដា) ថា កិច្ចពិភាក្សាពន្ធកំពុងតែដំណើរការទៅមុខជាមួយនឹងប្រទេសចិន ហើយលោករំពឹងថា ភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏យុត្តិធម៌មួយ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា "មន្រ្តីអាមេរិកកំពុងធ្វើការទៅមុខយ៉ាងល្អជាមួយភាគីចិនលើរឿងនេះ"។

មន្ត្រីអាមេរិក និងចិន បានជួបប្រជុំគ្នានៅស៊ុយអែត កាលពីថ្ងៃទី២៨ ខែកក្កដា អស់រយៈពេលជាង ៥ម៉ោង នៃកិច្ចពិភាក្សាក្នុងគោលបំណងដោះស្រាយជម្លោះសេដ្ឋកិច្ច ជាមួយនឹងគោលដៅនៃការបន្តកិច្ចព្រមព្រៀងបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្មរយៈពេល ៣ខែទៀត។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិករូបនេះមិនបានបញ្ជាក់ឡើយថា ក្រុមអ្នកចរចានៅទីក្រុងស្តុកខុម បានឈានដល់កិច្ចព្រមព្រៀងបន្ថែមពេលជាផ្លូវការឬយ៉ាងណា។
ប្រទេសចិន កំពុងប្រឈមនឹងកាលបរិច្ឆេទកំណត់នៅថ្ងៃទី១២ ខែសីហា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងពន្ធជាប់លាប់ជាមួយរដ្ឋបាលលោក Trump បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នក្នុងខែឧសភា និងខែមិថុនា ដើម្បីបញ្ចប់វិធានការពន្ធសងសឹក ៣ខ្ទង់រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ និងការកាត់ផ្តាច់រ៉ែកម្រដ៏សំខាន់៕

